ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាសម្ដេចមិនគាំទ្រការធ្វើសមយុទ្ទទ័ពទាក់ទងនឹងសង្គ្រាមនោះទេ ដោយចង់ឱ្យការធ្វើសមយុទ្ទទាក់ទងនឹងការប្រឆាំងភេវកម្ម និងទប់ស្កាត់គ្រោះមហន្តរាយវិញ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧ ក្នុងខេត្តក្រចេះនាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអរគុណដល់ប្រទេសជប៉ុនដែលបានផ្ដល់ជំនួយ និងការគាំទ្រជាបន្តបន្តាប់ដល់កម្ពុជា ជាពិសេសការស្វាគមន៍របស់ជប៉ុនដល់ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនក្នុងសប្ដាហ៍នេះ។
ដោយឆ្នាំនេះជាខួប ៣០ឆ្នាំនៃ PKO របស់ជប៉ុនដែលជប៉ុនចាប់ផ្ដើមបញ្ជូនកងទ័ពរក្សាសន្ដិភាពលើកដំបូង។ ជប៉ុននឹងប្រារព្ធពិធីពិសេសនានាជាមួយកម្ពុជា ដែលក្នុងនោះអាចរួមមានការធ្វើសមយុទ្ទរួមគ្នារវាងកម្ពុជា និងជប៉ុនផងដែរ។
សម្ដេចគាំទ្រឱ្យកម្ពុជា និងជប៉ុន ធ្វើសមយុទ្ទរួមគ្នា ដោយលើកជាយោបល់ថាគួរតែធ្វើសមយុទ្ទទាក់ទងនឹងការប្រឆាំងភេវកម្ម ឬទប់ស្កាត់គ្រោះមហន្តរាយវិញ ជាជាងការធ្វើសមយុទ្ទសង្គ្រាម។
សម្ដេចតេជោថ្លែងថា៖ «សមយុទ្ទវ៉ៃគ្នាខ្ញុំអត់សូវចង់បានទេ! គឹសមយុទ្ទប្រឆាំងភេរវកម្មដែលខ្ញុំចង់បានដើម្បីប្រឆាំងភេវកម្ម ប៉ុន្ដែសមយុទ្ធមួយទៀតដែលខ្ញុំចង់បានគឺសមយុទ្ទទាក់ទងនឹងការសង្គ្រោះគ្រោះមហន្តរាយឧទាហរណ៍ទឹកជំនន់ រាំងស្ងួត ភ្លើងឆេះព្រៃធ្លាក់យន្តហោះ ឬក៏ឧបទ្ទហេតុអីដែលកើតឡើងអាហ្នឹងដែលយើងនឹងជជែកគ្នាបន្តទៀត» ។
ក្នុងកិច្ចប្រជុំជាមួយអគ្គមេបញ្ជាការរងកងយុទ្ធពលខេមភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នៅទីស្ដីការក្រសួងការពារជាតិនៃប្រទេសជប៉ុន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មេបញ្ជាមេបញ្ជាការកងកម្លាំងស្វ័យការពារជើងគោកជប៉ុន លោកនាយឧត្តមសេនីយ៍ YOSHIDA Yoshihide បានលើកឡើងថាកម្ពុជា ជាប្រទេសទី១នៅអាស៊ីអាគ្នេយ៍ ដែលបានគាំទ្រគំនិតផ្តួចផ្តើម “យុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរ (FOIP)” របស់ជប៉ុន ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួមនៅក្នុងតំបន់ និងលើសកលលោក។
លោកបានគូសបញ្ជាក់អំពីការបន្តជួយដល់កងទ័ពកម្ពុជាលើការកសាងពង្រឹងសមត្ថភាពតាមរយៈការហ្វឹកហ្វឺនលើជំនាញសំខាន់ៗ ដើម្បីឆ្លើយតបនឹងស្ថានការណ៍សន្តិសុខសង្គ្រាមមិនមែនប្រពៃណីដូចជាការវាយប្រហារដោយប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត និងបច្ចេកវិទ្យាទំនើប បញ្ហាគ្រោះមហន្តរាយ និងជំងឺរាតត្បាតនានា ព្រមទាំងការគាំទ្រឱ្យមានការរៀបចំលំហាត់រួមក្នុងកម្រិតណាមួយផងដែរនៅពេលអនាគត៕