អន្តរជាតិ៖ រុស្សីនិយាយថា ខ្លួនកំពុងដកទ័ពរបស់ខ្លួនមួយចំនួនមកវិញពីព្រំដែនអ៊ុយក្រែន ខណៈពិភពលោកកំពុងមានការព្រួយបារម្ភកាន់ខ្លាំងថាសង្រ្គាមអាននឹងផ្ទុះឆាប់ៗនេះ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា បច្ចុប្បន្នសមយុទ្ធទ្រង់ទ្រាយធំរបស់នៅតែបន្ត ប៉ុន្តែមានអង្គភាពមួយចំនួនបានត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញហើយ។
ទោះយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ី មិនបានបញ្ជាក់ថាតើមានទ័ពចំនួនប៉ុន្មាននាក់ដែលត្រូវដកចេញ ហើយវាមិនទាន់ច្បាស់ថាតើវានឹងបន្ថយភាពតានតឹងបានឬយ៉ាងណានោះដែរ។
បច្ចុប្បន្នមានទាហានរុស្ស៊ីជាង១០ម៉ឺននាក់ត្រូវបានពង្រាយនៅព្រំដែនអ៊ុយក្រែន ហើយរុស្ស៊ីតែងតែបដិសេធថាខ្លួនមិនបានរៀបចំផែនការវាយប្រហារទេ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ ដែលធ្វើឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បាននិយាយថា ខ្លួនកំពុងដកកងទ័ពមួយចំនួន ដែលធ្វើសមយុទ្ធនៅក្នុងតំបន់យោធាជាប់ព្រំដែនអ៊ុយក្រែន។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក Igor Konashenkov បាននិយាយថា៖ «សមយុទ្ធហ្វឹកហ្វឺន ត្រូវបានធ្វើឡើងតាមការគ្រោងទុក ហើយទាហានមួយចំនួនត្រូវបានដកបន្ទាប់ពីហ្វឹកហាត់ចប់»។
សមយុទ្ធមួយចំនួនកំពុងបន្តដូចជាសមយុទ្ធរួមរុស្ស៊ី-បេឡារុសដែលត្រូវបញ្ចប់នៅថ្ងៃទី២០ កុម្ភៈ៕