អន្តរជាតិ៖ កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន ASDF បានរកឃើញសាកសពអ្នកបើកយន្តហោះចម្បាំងពីរនាក់ ជាអ្នកបើកយន្តហោះចម្បាំងF-15ដែល បានធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុនកាលពីចុងខែមុនហើយ។
ASDF បានលើកឡើងថា សាកសពម្នាក់ត្រូវបានរកឃើញនៅថ្ងៃសុក្រ និងម្នាក់ទៀតនៅថ្ងៃអាទិត្យ។ ASDF បាននិយាយថា សាកសពត្រូវបានរកឃើញដោយអ្នកមុជទឹកនៃកងកម្លាំងស្វ័យការពារដែនសមុទ្រ ហើយត្រូវបានដឹកជញ្ជូនទៅកាន់មូលដ្ឋានទ័ពអាកាស ASDF Komatsu ក្នុងទីក្រុង Komatsu ខេត្ត Ishikawa ។
ឧប្បត្តិហេតុធ្លាក់យន្តហោះចម្បាំងនេះបានកើតឡើងនៅម៉ោងប្រហែល ៥ និង៣០នាទីល្ងាចថ្ងៃទី៣១ ខែមករា កន្លងទៅនេះ។ យន្តហោះចម្បាំង F-15 មកពីក្រុមហ្វឹកហ្វឺនយន្តហោះចម្បាំងយុទ្ធសាស្ត្ររបស់មូលដ្ឋានអាកាសបានបាត់ខ្លួនពីរ៉ាដាប្រហែល ៥គីឡូម៉ែត្រ ខាងលិច-ភាគពាយព្យនៃមូលដ្ឋានប្រហែលមួយនាទីបន្ទាប់ពីបានហោះក្នុងអំឡុងពេលហ្វឹកហាត់ពេលយប់។
អ្នកបើកយន្តហោះទាំងពីរនាក់មានលោក Koji Tanaka អាយុ ៥២ឆ្នាំ និង លោក Ryusei Ueta អាយុ ៣៣ឆ្នាំ។
រហូតមកដល់ពេលនេះ ផ្នែកខ្លះនៃយន្តហោះត្រូវបានគេរកឃើញហើយ រួមទាំងបំពង់ស៊ីម៉ាំង បំពង់បង្ហូរប្រេង និងព្រុយកន្ទុយបញ្ឈរដែលមានលេខរបស់យន្តហោះ៕