ភ្នំពេញ៖ ក្រសួងសុខាភិបាលបានសេចក្ដីណែនាំពីការប្រើប្រាស់ថ្នាំ ម៉ូលណាទ្រីស(ម៉ូលទូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម ) សម្រាប់ការព្យាបាលជំងឺឆ្លងដែលបង្កឡើងដោយវីរុសកូរ៉ូណា កូវីដ-១៩ ចាប់ពីកម្រិតស្រាល ទៅមធ្យម ចំពោះមនុស្សពេញវ័យអាយុចាប់ពី១៨ឆ្នាំឡើងទៅ។
ឱសថប្រភេទនេះត្រូវបានក្រសួងណែនាំឲ្យប្រើប្រាស់បន្ទាប់ពីបុគ្គលនោះបានធ្វើតេស្តរកឃើញវិជ្ជមានវីរុស SARS-COV-2 ជាពិសេសបុគ្គលដែលមានហានិភ័យក្នុងការវិវត្តទៅជាជំងឺធ្ងន់ធ្ងរ។
ចំពោះការប្រើប្រាស់ គេអាចលេបឱសថនេះ ក្រោយពេលទទួលទានអាហាររួច ឬនៅពេលពោះទទេរ ជាមួយនឹងទឹកមួយកែវ ដោយមិនត្រូវទំពារឬកិនបំបែកឡើយ។
ឱសថនេះត្រូវបានណែនាំឱ្យលេបម្ដង ៨០០មីលីក្រាម ស្មើនឹង៤គ្រាប់ លេបរៀងរាល់ ១២ម៉ោងម្តងសម្រាប់រយៈពេល ៥ថ្ងៃជាបន្តបន្ទាប់។ ក្រសួងណែនាំឲ្យប្រើឱសថនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យរកឃើញជំងឺកូវីដ-១៩ និងអំឡុងពេល៥ថ្ងៃនៃការលេចចេញរោគសញ្ញា។
ប្រសិនបើអ្នកជំងឺភ្លេចលេប Molnupiravir ម្តង ក្នុងអំឡុងរយៈពេល១០ម៉ោង នោះអ្នកជំងឺត្រូវលេបឱសថ នេះឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន និងត្រូវបន្តកម្រិតប្រើធម្មតាតាមកាលកំណត់។ ប្រសិនបើអ្នកជំងឺ ភ្លេចលេបម្ដងក្នុងអំឡុងរយៈពេលលើសពី១០ម៉ោង អ្នកជំងឺមិនគួរលេបកម្រិតប្រើដែលភ្លេចនោះទេ ហើយជំនួស មកវិញត្រូវលេបកម្រិតប្រើបន្ទាប់នៅតាមពេលវេលាដែលត្រូវលេបជាធម្មតា។
ក្រសួងបញ្ជាក់ថា៖ «អ្នកជំងឺមិនត្រូវលេបពីរដងនៃកម្រិតប្រើដើម្បីបំពេញបន្ថែមកម្រិតប្រើដែលបានភ្លេចលេបនោះទេ»។
មនុស្សចាស់ជរា អ្នកជំងឺខ្សោយមុខងារតម្រងនោម អ្នកជំងឺខ្សោយមុខងារថ្លើម មិនចាំបាច់មានការកែតម្រូវកម្រិតប្រើ Molnupiravir ដោយផ្អែកលើអាយុ និងតម្រូវនៃប្រភេទជំងឺឡើយ។
ចំពោះកុមារអាយុក្រោម១៨ឆ្នាំ ក្រសួងនៅមិនទាន់អាចបញ្ជាក់ពីសុវត្ថិភាព និងប្រសិទ្ធភាពនៅឡើយទេ។
ឱសថនេះអាចបណ្តាលឱ្យមានផលរំខានតិចតួច ដូចជា រាគ ចង្អោរ ក្អួត ធីងធោង ឈឺក្បាល និងអាចមានកន្ទួលលើស្បែក កន្ទាលត្រអាក។ល។
ក្នុងករណីប្រើ Molnupiravir លើសកម្រិត គួរតែមានការត្រួតពិនិត្យស្ថានភាពសុខភាពរបស់អ្នកជំងឺ និងអន្តរាគមន៍ផ្នែក វេជ្ជសាស្ត្របន្ទាន់តាមការចាំបាច់។
ទោះបីជាមិនមានទិន្នន័យពីការប្រើ Molnupiravir លើស្រ្តីមានផ្ទៃពោះក៏ដោយ ប៉ុន្តែការសិក្សាលើសត្វ បានបង្ហាញពីការពុលលើភាពបង្កកំណើត។ ដូច្នេះ Molnupiravir មិនត្រូវបានណែនាំឱ្យប្រើក្នុងអំឡុងពេលមានផ្ទៃពោះទេ។ ស្ត្រីដែលបម្រុងនឹងមានគភ៌គួរប្រើការពន្យារកំណើតដែលមានប្រសិទ្ធភាពសម្រាប់រយៈពេលព្យាបាល និងសម្រាប់រយៈពេល ៤ថ្ងៃបន្ទាប់ពីបញ្ចប់ការប្រើ Molnupiravir ។
ចំពោះស្ត្រីកំពុងបំបៅដោះកូន គេពុំទាន់បានដឹងនៅឡើយទេថាតើ Molnupiravir ឬសារធាតុផ្សំណាមួយនៃ Molnupiravir មានវត្តមាននៅក្នុងទឹកដោះមនុស្ស ឬប៉ះពាល់ដល់ការផលិតទឹកដោះមនុស្ស ឬមានឥទ្ធិពលដល់ទារកដែលបៅដោះម្តាយនោះទេ។
ដោយផ្អែកលើប្រតិកម្មរំខានមកពី Molnupiravir លើកូនក្មេង ការបំបៅដោះកូនមិនត្រូវបានណែនាំទេក្នុង អំឡុងពេលព្យាបាល និងសម្រាប់រយៈពេល ៤ថ្ងៃបន្ទាប់ពីបញ្ចប់ការប្រើ Molnupiravir ៕