លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ខេត្តបន្ទាយមានជ័យបញ្ចប់យុទ្ធនាការដាំកូនឈើឡើងវិញលើដីបឹងទន្លេសាប

បន្ទាយមានជ័យ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបិទបញ្ចប់យុទ្ធនាការដាំកូនឈើឡើងវិញលើដីតំបន់៣ បឹងទន្លេសាប ក្រោយពីរាជរដ្ឋាភិបាលចេញសេចក្តីសម្រេចដកហូតដីបឹងទន្លេសាប ពីការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន ដែលមាន ៦ខេត្ត ក្នុងនោះក៏មានខេត្តបន្ទាយមានជ័យ រកឃើញការទន្រ្ទានដីតំបន់៣ បឹងទន្លេសាប ប្រមាណជាង៥ពាន់ហិតតាមកធ្វើជាសម្បត្តិរដ្ឋវិញដើម្បីដាំកូនឈើឡើងវិញ ។

ថ្លែងក្នុងពេលចុះដាំកូនឈើលើតំបន់ទន្លេសាបលើកទី៨ ជាលើកចុងក្រោយ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានបញ្ជាក់ថា ក្រោយពីបានដកហូតដីពីការទន្ទ្រានដី រដ្ឋបាលខេត្តបានដាំកូនឈើ៧លើករួចមកហើយ ដែលលើកទី៨នេះ ជាលើកចុងក្រោយនូវយុទ្ធនាការ។ លោកថា ការកូនឈើឡើងវិញនៅតំបន់បឹងទន្លេសាបដែលរដ្ឋបានដកហូតមានប្រភេទដើមឈើដែលធននឹងអាកាសធាតុដូចជា រាំងទឹក ឬស្សី គ្រាប់ត្នោតជាដើម។

ការបិទយុទ្ធនាការនេះធ្វើឡើងក្រោយអាជ្ញាធរខេត្តក៏ដូចជា គ្រប់ភាគីពាក់ព័ន្ធបានចូលរួមតាមផែនការដែលបានកំណត់ជាង៥ពាន់ហិតតា នេះ ដោយយុទ្ធនាការនេះ គឺដាំតាមព្រំប្រទល់ដីតំបន់៣ ដែលរដ្ឋបានដកហូតមានប្រវែងជាង ៤០គីឡូម៉ែត្រមានពីព្រំប្រទល់ខេត្តសៀមរាបក្នុងស្រុកព្រះនេត្រព្រះ និងមួយផ្នែកនៅស្រុកមង្គលបូរី។

ព្រមជាមួយគ្នានោះ លោកអភិបាលខេត្តក៏បានបន្តជម្រុញដល់សមត្ថកិច្ចដែលមានភារកិច្ចប្រចាំការ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តសហការជាមួយអាជ្ញាធរក្នុងការចុះល្បាតឱ្យបានជាប្រចាំទប់ស្កាត់មិនឱ្យកើតមានសកម្មភាពរានព្រៃបន្តទៀតនោះទេ ហើយបើរកឃើញមានសកម្មភាពលួចរានដីព្រៃតំបន់៣ នេះបន្តទៀត និងមានវិធានការអនុវត្តតាមផ្លូវច្បាប់។

យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានរកឃើញការទន្ទ្រានដីព្រៃតំបន់៣ មានចំនួន១១ទីតាំង ស្មើផ្ទៃដីប្រមាណ ៥ ៣៥០ហិកតា ស្ថិតក្នុងឃុំចំនួន២ ក្នុងស្រុកព្រះនេត្រព្រះ។ ក្រោយមានបទបញ្ជាពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្រុមការងារចម្រុះស្រាវជ្រាវតាមគោលដៅទាំង៣ ក្នុងភូមិសាស្រ្តស្រុកព្រះនេត្រព្រះ រកឃើញប្រជាពលរដ្ឋចំនួន ៤៣៩នាក់បានរំលោភចូលអស់ផ្ទៃដីប្រហែល ៧ ៨៣៤,២៤ហិកតាក្នុងនោះមាន ប្រជាពលរដ្ឋមូលដ្ឋានចំនួន៤១៩នាក់ ស្មើផ្ទៃដីប្រហែល ៣ ៦០៨,៥៤ហិកតា ប្រជាពលរដ្ឋក្រៅស្រុកចំនួន២០នាក់ ស្មើផ្ទៃដីប្រហែល ៣៣២ហិកតា៕  



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក