ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន ថាថវិកា ១០០លានដុល្លារដើម្បីជួយវិស័យកសិកម្មនិងអាចស្ដារសេដ្ឋកិច្ចតាមទម្រង់ប្រក្រតីភាពថ្មីបានឆាប់រហ័សនិងមានភាពធន់
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានឱ្យដឹងថា រដ្ឋាភិបាលបានបញ្ចេញលុយ ១០០លានដុល្លារបន្ថែមទៀតដើម្បីជួយវិស័យកសិកម្ម និង SMEs ដែលជាវិស័យអាទិភាពក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩។
នៅក្នុងពិធីផ្សព្វផ្សាយស្ដីពីការបន្ថែមមូលនិធិសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មតាមប្រព័ន្ធអនឡាញនាថ្ងៃទី១៤ ខែកុម្ភៈនេះ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងក្របខណ្ឌយុទ្ធសាស្រ្តដើម្បីស្តារសេដ្ឋកិច្ចតាមទម្រង់ប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ២០២១-២០២៣ មានគោលបំណងស្តារសេដ្ឋកិច្ចកម្ពុជាចំពោះមុខ និងរយៈពេលមធ្យមដើម្បីត្រលប់ទៅរកភាពប្រក្រតីនៃកំណើនសេដ្ឋកិច្ច និងមានភាពធន់វិញ។
លោកបានបន្តថា ដើម្បីសម្រេចបានកំណើននេះ បានដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្តែងនៅក្នុងវិស័យជាច្រើន ជាក់ស្តែងថវិកា ១០០លានដុល្លាត្រូវបានប្រើប្រាស់ដើម្បីជួយដល់វិស័យ២ ជាអាទិភាពដែលមាន វិស័យកសិកម្ម និងសហគ្រាសធុនតូចនិងមធ្យម ដែលជាវិស័យសំខាន់សម្រាប់សេដ្ឋកិច្ចជាតិ ទាំងក្នុងការបង្កើតការងារក៏ដូចជាការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការស្តារលើកស្ទួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ជារួមដើម្បីលើកកម្ពស់វិស័យ SME និងវិស័យអាទិភាព រដ្ឋាភិបាលបានដាក់ចេញយន្តការជាច្រើនដូចជា ការដាក់ជាបន្ទុករបស់រដ្ឋនូវពន្ធនាំចូលសម្រាប់ឧបករណ៍គ្រឿងម៉ាស៊ីន និងគ្រឿងចក្រជាដើម ការបង្កើតនូវមូលនិធិអភិវឌ្ឍន៍ជំនាញ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និងសហគ្រិនខ្មែរ ការបង្កើតធនាគារសហគ្រាសធនតូចនិងមធ្យមនៅកម្ពុជា SME Bank ការអនុវត្តកម្មវិធីសហហិរញ្ញប្បទានតាមរយៈធនាគារ SME និងកម្មវិធីហិរញ្ញប្បទានពិសេសរបស់រដ្ឋាភិបាលក្នុងការផ្តល់ឥណទានក្នុងអត្រាការប្រាក់សម្បទានសម្រាប់វិស័យកសិកម្ម និងកសិឧស្សាហកម្មតាមរយៈធនាគាអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងការបង្តើតសាជីកម្មក្នុងការផ្តល់ការធានាឥណទានទៅសហគ្រាសដែលជួបប្រទះនូវកង្វះខាតនូវទ្រព្យបញ្ចាំ។
ដោយមើលឃើញនូវភាពវិជ្ជមានក្នុងគម្រោងអនុវត្តក្នុងដំណាក់កាលទី១ លើគម្រោងទ្រទ្រង់សហគ្រាសធុនតូចនិងមធ្យម រដ្ឋាភិបាលក៏បានសម្រេចបន្តគម្រោងនេះក្នុងដំណាក់កាលទី២ ដែលបានដាក់ឱ្យអនុវត្តកាលពីខែសីហា ឆ្នាំ ២០២១នេះ ដែលមានទំហំទឹកប្រាក់ ១៤០លានដុល្លាអាមេរិក ហើយគិតមកត្រឹមថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះគម្រោងសម្រេចបានប្រមាណជា ៩០%ហើយ។
ទន្ទឹមនេះតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក៏បានអនុវត្តកម្មវិធីហិរញ្ញប្បទានពិសេសមានថវិកា ៧៣លានដុល្លា ដើម្បីគាំទ្រវិស័យស្រូវអង្ករក្នុងគោលដៅរក្សាស្ថិរភាពតម្លៃ និងជម្រុញការនាំចេញមូលនិធិ ៥០លានដុល្លាសម្រាប់គាំទ្រវិស័យសិប្បកម្ម សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកសិកម្ម។ តាមរយៈកម្មវិធីពិសេសនេះ សហគ្រាសក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្មមានលទ្ធភាពក្នុងពង្រីកអាជីកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្ម និងជម្រុញការនាំចេញក្នុងបរិបទកូវីដ-១៩នេះ។
គួរបញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យមមិនត្រឹមតែចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតភាពធន់របស់សេដ្ឋកិច្ចជាតិ។ ជាក់ស្តែង SME មានប្រមាណ ៩៨%នៃអាជីវកម្មទាំងអស់នៃប្រទេសកម្ពុជា ហើយបានចូលរួមចំណែក ៥៨%នៃផលិតផលក្នុងស្រុកសរុប GDP និងផ្តល់ការងារឱ្យពលរដ្ឋចំនួន ៧៣%នៅកម្ពុជា។ ដោយឡែក សម្រាប់វិស័យកសិកម្មក៏បានរួមចំណែកដល់ផលិតផលក្នុងស្រុកសរុប GDPប្រមាណ ២២ %ផងដែរ៕