កម្ពុជា-ចិន រៀបចំព្រឹត្តិការណ៍ធំៗពីរ នៅខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ខាងមុខនេះ | កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃចន្ទនេះ | ប្រធានាធិបតីតួកគីបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសអ៊ីរ៉ាក់រាប់ចាប់តាំងពីឆ្នាំ២០១១ | ពិព័រណ៌រថយន្តខ្នាតធំដំបូងគេនឹងរៀបចំនៅថ្ងៃទី២៧-២៨ ខែមេសានេះ |

លោក កៅ គឹមហួន ថាកម្ពុជាចំណេញច្រើនពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅប្រទេសកូរ៉េ

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីដំណើរវិលត្រលប់របស់សម្ដេចតេជោ ពីប្រទេសកូរ៉េមកកម្ពុជាវិញថា សម្ដេចបាននាំផលចំណេញច្រើនដល់កម្ពុជាតាមរយៈការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលសន្ដិភាព ៤ថ្ងៃមកនេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក កៅ គឹមហួន បានថ្លែងថា ក្នុងដំណើរទៅចូលរួមកិច្ចប្រជុំកំពូលសន្ដិភាពឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្ដេចតេជោ បានជួបប្រាស្រ័យទាក់ទងនឹងមេដឹកនាំនៃប្រទេសនេះដែលមានទាំងប្រធានាធិបតី និងប្រធានរដ្ឋសភា ព្រមទាំងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។ ក្រៅពីនោះប្រធានសភាអាមេរិកទី៥០ លោក Newton Leroy Gingrich បានប្រកាសថា សម្តេចតេជោ ហ៊ុន សែន ជាបុគ្គលស្នេហាជាតិយ៉ាងប្ដូរផ្ដាច់មួយរូប។

លោក កៅ គឹមហួន បានថ្លែងថា៖ «យើងដឹងស្រាប់ហើយអាមេរិកមិនងាយទទួលស្គាល់ទេ! តែក្នុងពិធីនេះថ្នាក់ដឹកនាំអាមេរិក ឯកឧត្តម Newton Leroy Gingrich អតីតប្រធានសភាអាមេរិកនេះគឺគាត់បានមានប្រសាសន៍ផ្ទាល់តែម្ដងជាសាធារណៈគាត់ទទួលស្គាល់ថាសម្ដេចតេជោនាយករដ្ឋមន្ត្រីគឺជាអ្នកស្នេហាជាតិពិតមែនទែនដល់ប្រទេសកម្ពុជា ជាអ្នកដែលនាំមកបញ្ចប់នូវសង្គ្រាមស៊ីវិលដ៏អាក្រក់នៅប្រទេសកម្ពុជា ហើយជាអ្នកដែលហ៊ានលះបង់ ជួនកាលគ្មានក្ដីសង្ឃឹមប៉ុន្ដែសម្ដេចនៅតែពុះពារបាន។ ដូច្នេះពាក្យពេជ្រទាំងឡាយដែលបានប្រើដោយប្រធានសភាសហរដ្ឋអាមេរិកនេះជារឿងមិនធម្មតាទេជាការទទួលស្គាល់ដោយទូលំទូលាយជាពិសេសគឺមានការទទួលស្គាល់ពីអតីតថ្នាក់ដឹកនាំអាមេរិកផងដែរ»។

លោក កៅ គឹមហួន បានបញ្ជាក់ថា ផលចំណេញលើការងារការទូតចំនួន៤ដែលសម្ដេចនាំមកដល់កម្ពុជាគឺការងារការទូតទ្វេភាគីកម្ពុជា-កូរ៉េ ដែលនឹងជំរុញពាណិជ្ជកម្ម វិនិយោគ និងការងារការទូតសភា ការងារការទូតសាធារណដែលសម្ដេចតេជោបានបញ្ជូនសារជាច្រើនពាក់ព័ន្ធនឹងការកសាងសន្ដិភាពទៅកាន់ពិភពលោក ហើយពាក្យដែលសំខាន់ក្នុងសារនេះគឺ «មិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ» ការងារការទូតសន្ដិភាពដែលបានជំរុញការកសាងសន្ដិភាពនៅឧបទ្វីបកូរ៉េដែលបានឱ្យជាគំនិតរួម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ ប្រជាជនតែមួយ វប្បធម៌តែមួយ» និងការជំរុញសន្ដិភាពនៅលើពិភពលោកក៏ដូចជាមានសន្ដិភាពនៅឧបទ្វីបកូរ៉េ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកដែលមានរយៈពេល៣ថ្ងៃ។ ក្នុងកិច្ចប្រជុំកំពូលនោះសម្ដេចតេជោក៏ត្រូវបានគេប្រកាសពីជាជ័យលាភីសន្ដិភាពស៊ុនហាក់ ដែលបានធ្វើឱ្យសម្ដេចបានក្លាយជាមេដឹកនាំទី១នៅអាស៊ានដែលត្រូវបានមូលនិធិសន្ដិភាពមួយនេះផ្ដល់ពានរង្វាន់ជូន។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងការបរទេសបានបង្ហាញពីភាពជោគជ័យនៃអញ្ជើញទៅបំពេញទស្សនកិច្ចរបស់សម្ដេចតេជោ ទៅចូលរួមក្នុងកិច្ចប្រជុំនេះដោយសម្ដេចមិនត្រឹមតែបានលើកតម្កើនមុខមាត់ជាតិនោះទេ ថែមទាំងបានជោគជ័យក្នុងការបង្កើនទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក