BREAKING NEWS: សេចក្ដីប្រកាស ១១ចំណុចពីលទ្ធផលមហាសន្និបាតសកលស្ដីពីសន្ដិភាពនៅឧបទ្វីបកូរ៉េត្រូវបានប្រកាសជាផ្លូវការ
សេអ៊ូល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ស្ថាបនិកមូលនិធិអង្គការសហព័ន្ធសន្តិភាពសកល លោកស្រី ហា ចាហាន់មូន និងអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បានអញ្ជើញចុះហត្ថលេខាលើសេចក្តីប្រកាសស្ដីពីលទ្ធផលនៃមហាសន្និបាតសកល នៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹម ១លាននាក់នៃសន្តិភាពនៅឧបទ្វីបកូរ៉េនៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ក្នុងសេចក្ដីប្រកាសនោះមានចំនួន ១១ចំណុច ដែលបានប្រកាសធ្វើការរួមគ្នាដើម្បីជំរុញឱ្យមានសន្ដិភាពនៅប្រទេសកូរ៉េទាំងពីរតាមយន្តការនានាដែលមាន អំពាវនាវដល់ឱ្យមានការពិភាក្សាក្នុងន័យស្ថាបនានៃប្រទេសទាំងពីរដោយផ្អែកលើបេតិកភណ្ឌវប្បធម៌រួម លើកកម្ពស់ការកសាងទំនុកចិត្ត បញ្ឈប់នូវផ្ដត់គំនិតសង្គ្រាម រឹះរកមធ្យោបាយប្រែក្លាយតំបន់ព្រំដែនកូរ៉េទាំងពីរទៅជាឧទ្យានសន្ដិភាព លើកទឹកចិត្តភាគីពាក់ព័ន្ធបង្កើតគម្រោងទេសចរណ៍ កីឡា វប្បធម៌ និងការអប់រំ បង្កើតកិច្ចសហប្រតិបត្តិការពហុវិស័យដើម្បីជំរុញកិច្ចសហប្រតិបត្តិការសន្ដិសុខស្បៀង និងសុខភាពសាធារណៈ ឆ្ពោះទៅរកភាពប្រក្រតីនៃទំនាក់ទំនងរវាងប្រទេសកូរ៉េទាំងពីរ និងមិនអត់ឱនជាដាច់ខាតចំពោះសង្គ្រាម។
គួរបញ្ជាក់ថា មហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្ដិភាព និងសន្និបាតនៃក្តីសង្ឃឹម១លាននាក់នៃសន្តិភាពនៅឧបទ្វីបកូរ៉េត្រូវបានរៀបចំឡើងអមក្នុងកិច្ចប្រជុំកំពូលសន្ដិភាពពិភពលោកដែលមានមនុស្ស៣នាក់ជាសហប្រធាននៃកិច្ចប្រជុំនេះ ដែលមានដូចជាសម្ដេចតេជោ ហ៊ុន សែន លោកស្រី ហា ចាហាន់មូន និងលោក បាន គីមមូន។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេស អ្នកជំនាញមកពីជាង ១០០ប្រទេសបានចូលរួម៕