សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ប្រធានាធិបតីកូរ៉េប្រាប់សម្ដេចតេជោថា កម្ពុជាគឺជាអាទិភាពរបស់ខ្លួនក្នុងការជំរុញសេដ្ឋកិច្ចនិងទំនាក់ទំនង

កូរ៉េ៖ ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េលោក Moon Jae-In បានស្វាគមន៍ចំពោះវត្តមានសម្ដេចតេជោ ហ៊ុន សែន ក្នុងទឹកដីកូរ៉េខាងត្បូងក្នុងពេលនេះ និងបានគូសបញ្ជាក់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលលោកសង្ឃឹមថានឹងបន្តធ្វើការជាមួយគ្នាបន្តទៀត។ លោកថាប្រទេសកម្ពុជាគឺជាអាទិភាពរបស់ប្រទេសកូរ៉េក្នុងការជួយក៏ដូចផ្ដល់កិច្ចសហប្រតិបត្តិការ។

ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជានៅវិមានប្រធានាធិបតីកូរ៉េ លោក Moon Jae-In បានគូសបញ្ជាក់ថា កម្ពុជាគឺជាអាទិភាពសម្រាប់កូរ៉េ ជាពិសេសពាក់ព័ន្ធទៅនឹងការចុះហត្ថលេខានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយកម្ពុជាគឺជាប្រទេសទី១ ដែលកូរ៉េបានចុះហត្ថលេខាជាមួយនេះ។ លោកមានប្រសាសន៍ថាប្រទេសកម្ពុជា-កូរ៉េ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាហើយក៏មានកិច្ចសហប្រតិបត្តិការយ៉ាងល្អ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះលោក Moon Jae-In ដែលបានជួបជាទទួលជួបមួយសម្ដេចសារជាថ្មីម្ដងទៀត។ សម្ដេចតេជោបានគូសបញ្ជាក់ថា ដោយសារតែសម្ដេចជាសហស្ថាបនិកនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងកូរ៉េ ហើយឆ្នាំនេះគឺជាខួប២៥ឆ្នាំ នៃទំនាក់ទំនងការទូតទ្វេរភាគីរវាងប្រទេសទាំងពីរនោះ សម្ដេចមានប្រសាសន៍ថាប្រទេសយើងទាំងពីរគួររៀបចំឱ្យមានសកម្មភាពដើម្បីអបអរសាទរខួបទំនាក់ទំនងការទូតនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក៏ដូចជាទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងថែមទៀត។

បន្ថែមលើពីនេះសម្ដេចតេជោក៏ស្នើសុំឲ្យភាគីកូរ៉េជួយពន្លឿនការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ក្រៅពីនោះសម្ដេច ក៏ជំរុញដល់ប្រទេសកូរ៉េគាំទ្រដល់ឧស្សាហកម្មនៅកម្ពុជាជាពិសេសឧស្សាហកម្មកែច្នៃ និងបន្ថែមការវិនិយោគនៅកម្ពុជាផងដែរ។ សម្តេចតេជោ មានប្រសាសន៍លើកឡើងអំពីឱកាសល្អសម្រាប់អ្នកវិនិយោគ ជាពិសេសតាមរយៈច្បាប់វិនិយោគថ្មីរបស់កម្ពុជា។

ទាក់ទងនឹង ការអភិវឌ្ឍន៍ធនធានមនុស្សវិញ សម្ដេចបានស្នើឲ្យកូរ៉េបន្តជួយកម្ពុជាលើវិស័យនេះជាបន្តទៀត ដូចជាការបង្កើនការផ្ដល់អាហារូបករណ៍ ជូនដល់មន្ត្រីរាជការ និងនិស្សិតកម្ពុជា ដូចជាការបណ្ដុះបណ្ដាលលើជំនាញផ្នែកបច្ចេកទេស និងអាកាសចរស៊ីវិល ជាដើម។

ក្នុងឱកាសនេះសម្ដេចតេជោ ក៏បានស្នើសុំឲ្យកូរ៉េបន្តបង្កើនកូតានាំពលករកម្ពុជាមកធ្វើការនៅប្រទេសកូរ៉េបន្ថែមទៀត នឹងបន្តយកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ពលករកម្ពុជា ខណៈសម្ដេចបានថ្លែងអំណរគុណចំពោះកូរ៉េ លើការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលករកម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសកូរ៉េនេះ។

សម្ដេចតេជោក៏បានមានប្រសាសន៍អរគុណដល់កូរ៉េ ទាក់ទងទៅនឹងការកសាងស្ពានមិត្តភាពកម្ពុជា-កូរ៉េនៅកម្ពុជា ដែលឆ្លងកាត់ទន្លេមេគង្គតាមរយៈជំនួយឥតសំណង និងកម្ចីសម្បទាន ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា។ សម្ដេចតេជោក៏បានអរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាពិសេសដែលបានផ្ដល់ឥណទានសម្បទាន ជាពិសេសជំនួយសម្ភារៈវេជ្ជសាស្រ្តផងដែរសម្រាប់កម្ពុជា ។

ជាការឆ្លើយតប ឯកឧត្តមប្រធានាធិបតីកូរ៉េ លោក Moon Jae-In បានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ កំពុងតែបញ្ជូនទៅសភារបស់សាធារណរដ្ឋកូរ៉េដើម្បីផ្ដល់សច្ចាប័ន លោកបានប្រាប់សម្ដេចតេជោថា កូរ៉េនឹងបន្តធ្វើការជាមួយនិងកម្ពុជាជាបន្តទៀតលើការវិនិយោគនិងជួយសេដ្ឋកិច្ច ដោយបច្ចុប្បន្នមានក្រុមហ៊ុនកូរ៉េប្រមាណជា៣០០ក្រុមហ៊ុនកំពុងតែវិនិយោគនៅកម្ពុជា។

កម្ពុជា-កូរ៉េ បានភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងក្រោយបានបានប្រកាសទំនាក់ទំនងជាផ្លូវការនៅឆ្នាំ១៩៩៧។ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានឈានដល់កម្រិតខ្ពស់មួយ ដែលបានជំរុញដល់វិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជំនួយអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការរវាងសមភាគីទាំងពីរអាចត្រូវបានគេមើលឃើញនៅក្នុងវិស័យជាច្រើន រាប់ចាប់ពីនយោបាយ រហូតដល់សេដ្ឋកិច្ច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក