សេអ៊ូល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តជួបជាមួយពលរដ្ឋខ្មែរដែលរស់នៅសាធារណរដ្ឋកូរ៉េបន្ទាប់ពីសម្ដេចបានជួបពិភាក្សាជាមួយប្រធានាធិបតី ម៉ូន ចេអ៊ីន និងប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េលោក Park Byeong-Seug រួចមក។
ជំនួបសួរសុខទុក្ខជាមួយពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូងនេះធ្វើឡើងល្ងាចថ្ងៃទី១១ ខែកុម្ភៈ នៅសណ្ឋាគារឡូតេវ៉ើល ដែលជាសណ្ឋាគារស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ។
ក្នុងជំនួបនោះសម្ដេចតេជោ ហ៊ុន សែន បានជួបសន្ទនាដោយផ្ទាល់ ពីជីវភាពរស់នៅ ការប្រកបមុខរបរចិញ្ចឹមជីវិត ការបំពេញការងារផ្សេងៗ រួមទាំងជីវិតគូរស្រករ របស់ក្មួយៗ ចៅៗ ជាស្រ្តីមួយចំនួន ដែលបានចាកចេញពីមាតុប្រទេស មកស្នាក់នៅមានស្វាមី ភរិយា នៅ សាធារណរដ្ឋកូរ៉េ។ សម្ដេចបន្ថែមថា សម្ដេចចង់ជួបពលរដ្ឋខ្មែរនៅប្រទេសកូរ៉េយូរហើយ តែដោយសារតែកម្មវិធីរបស់សម្តេចមានភាពមមាញឹកខ្លាំងពេក និងដោយសារតែការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងប្រទេសកូរ៉េ ហើយដែលអាជ្ញាធរកូរ៉េ មិនអនុញ្ញាតឲ្យមានការជួបជុំជាលក្ខណៈទ្រង់ទ្រាយធំបាន។
ពលរដ្ឋខ្មែររស់បានមកជួបជាមួយសម្ដេចតេជោ ទាំងបានជំរាបជូនសម្តេចថា បើទោះបីពួកគេចាកចេញពីមាតុប្រទេសក៏ពិតមែន ប៉ុន្តែពួកគេពិតជាមានសេចក្តីសុខ សុភមង្គល ដោយទទួលបានស្វាមីប្រកបដោយព្រហ្មវិហាធម៌ និងបានក្លាយជាគ្រួសារសមល្មម នៅសាធារណរដ្ឋកូរ៉េ។
ពួកគេបានថ្លែងនូវអំណរគុណជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានកសាងស្ពានមេត្រីល្អជាមួយប្រទេសកូរ៉េ ពិសេសធ្វើឱ្យប្រទេសកំណើតកម្ពុជាសេចក្តីសុខរហូតមកដល់សព្វថ្ងៃនេះ៕