
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវម្ចាស់ក្រុមហ៊ុនទាំងអស់ត្រូវសម្រួលឱ្យបុគ្គលិកទៅទទួលវ៉ាក់សាំងគ្រប់ៗគ្នា
ភ្នំពេញ : ដើម្បីជំរុញការចាក់វ៉ាក់សាំងបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅក្នុងរាជធានីភ្នំពេញឱ្យបានគ្រប់ៗគ្នាយ៉ាងយូរបំផុតក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១ ស្របតាមការកំណត់របស់រាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញផ្ដល់ការអនុញ្ញាតឱ្យកម្មករ -និយោជិត ឬបុគ្គលិកដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ សហគ្រាស ឬក្រុមហ៊ុនរបស់ខ្លួន ទៅទទួលយកវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ចំនួនពីរលើកតាមការអញ្ជើញរបស់អាជ្ញាធរមូលដ្ឋាន។
រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងទៀតថា នៅក្នុងក្របខណ្ឌនៃ «យុទ្ធនាការជាតិចាក់វ៉ាក់សាំង» និងអនុលោមតាមផែនការមេសម្រាប់យុទ្ធនាការចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ដែលមានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញជាសេនាធិការ និងដោយមានកិច្ចសហការពីក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យនៃអង្គភាពផ្សេងៗបានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋមានអាយុពី១៨ឆ្នាំឡើងទៅក្នុងរាជធានីភ្នំពេញ ស្របតាមជំហានកម្មវិធីការងារបានចំនួន ១,៦៣៣.២៦២នាក់ (សរុបទាំងពីរលើក) គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១៕
រដ្ឋបាលរាជធានីភ្នំពេញមសង្ឃឹមថាជាម្ចាស់ ឬ នាយករោងចក្រ សហគ្រាស ក្រុមហ៊ុន វិស័យឯកជនទាំងអស់ក្នុងរាជធានីភ្នំពេញនឹងអនុញ្ញាតឱ្យបុគ្គលរបស់ខ្លួនទៅទទួលការចាក់វ៉ាក់សាំងការពារកូវដី-១៩ ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍៕