ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រសួងបរិស្ថានដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍ដើម្បីសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ភ្នំពេញ៖ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន LTS4CN ដែលសេណារីយ៉ូនៃយុទ្ធសាស្រ្តត្រូវបានរំពឹងថានឹងសម្រេចបានការងារអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

បើតាមសៀវភៅ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន» របស់ក្រសួងបរិស្ថានបានលើកឡើងថា អព្យាក្រឹតកាបូននឹងសម្រេចបាននៅឆ្នាំ២០៥០ តាមសេណារីយ៉ូយុទ្ធសាស្រ្តនេះដោយវិស័យ FOLU អាចផ្ដល់នូវការស្រូបយកកាបូនសរុបចំនួន៥០លានតោននៃសមមូលឧស្ម័នកាបូនិក។

ក្រៅពីនេះ វិស័យថាមពលត្រូវបានគេរំពឹងថានឹងក្លាយជាវិស័យមួយដែលបញ្ចេញឧស្ម័នខ្ពស់បំផុត នៅឆ្នាំ២០៥០ ដែលមានរហូតដល់ទៅ ២៨លានតោននៃសមមូលឧស្ម័នកាបូនិក បន្ទាប់មកវិស័យកសិកម្មមានចំនួន ១៩លានតោន នៃសមមូលឧស្ម័នកាបូនិក។ វិស័យសំណល់ និង IPPU ត្រូវបានព្យាករថានឹងបញ្ចេញឧស្ម័នចំនួន ១៦ និង ១២លានតោននៃសមមូលឧស្ម័នកាបូនិករៀងគ្នានៅឆ្នាំ២០៥០។

ការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន«LTS4CN» នេះ គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ និងបង្ហាញនូវសេណារីយ៉ូគោលនយោបាយដើម្បីធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យ នៃសង្គមមួយប្រកបដោយអព្យាក្រឹតកាបូន និងមានភាពធន់ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។

LTS4CN គឺជាឧបករណ៍គោលនយោបាយថ្មីមួយសម្រាប់ប្រទេសកម្ពុជា។ ដោយសារយុទ្ធសាស្ត្រ នេះជាការសាក ល្បងកំណត់ចក្ខុវិស័យមួយ វាមិនសំដៅផ្លាស់ប្តូរ ឬជំនួសយុទ្ធសាស្ត្រជាតិ និងយុទ្ធសាស្ត្រតាមវិស័យនានា របស់រាជរដ្ឋាភិបាលដែលមានស្រាប់នោះទេ ប៉ុន្តែជាត្រីវិស័យជួយកំណត់គោលនយោបាយ និងការសម្រេច ចិត្តវិនិយោគនាពេលអនាគតសម្រាប់ភាគីពាក់ព័ន្ធទាំងអស់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក