វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោកនៅតែទាក់ទងជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាំងពីលោកចាកចេញពីសេតវិមាន។ ការបង្ហើបរបស់លោក ត្រាំ ធ្វើឡើងស្របពេលដែលមានភាពតានតឹងលើការសាកល្បងមីស៊ីលកូរ៉េខាងជើងនាពេលថ្មីៗនេះ។
បើតាមអ្នកសារព័ត៌មានរបស់ New York Times លោកស្រី Maggie Haberman ដែលបានដឹកសាច់រឿងក្នុងសៀវភៅមួយរបស់លោក ត្រាំ ឱ្យដឹងថា លោក គីម ជុងអ៊ុន គឺជាមេដឹកនាំបរទេសតែមួយគត់ដែលលោក ត្រាំ បានបន្តទាក់ទងជាមួយ។
ប្រភពដដែលបានបញ្ជាក់ថា រឿងរ៉ាវលម្អិតទាក់ទងនឹងរឿងនេះនឹងមានបញ្ជាក់នៅក្នុងសៀវភៅ The Confidence Man ដែលនឹងចេញផ្សាយនៅពេលខាងមុខ។
ទោះបីយ៉ាងណាក៏ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ ហើយនៅពេលដែលត្រូវបានសួរថាតើខ្លួនដឹងពីទំនាក់ទំនងបែបនេះទេ ហើយសេតវិមានមិនបានឆ្លើយតបភ្លាមៗទេ។ តំណាងរបស់លោក ត្រាំ ក៏មិនមានការអត្ថាធិប្បាយណាមួយផងដែរ៕