ភ្នំពេញ៖ ក្រសួងសុខាភិបាល ក្រើនរំលឹកដល់សាធារណជនទាំងអស់ ជាពិសេស យុវជន-យុវនារី បន្តការប្រុងប្រយ័ត្នខ្ពស់នូវលទ្ធភាពនៃការឆ្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍នាថ្ងៃបុណ្យនៃក្តីស្រលាញ់ខាងមុខ។
ក្រសួងបានលើកឡើងថា ជារៀងរាល់ឆ្នាំ នាថ្ងៃទី១៤ ខែកុម្ភៈ ប្រជាពលរដ្ឋមួយចំនួនជាពិសេសយុវជន យុវនារី ទោះបីជាមិនមែនជាប្រពៃណីរបស់ខ្មែរ តែនឹងអាចមានការជួបជុំគ្នាដើរកំសាន្ត ឬបរិភោគអាហាររួមគ្នាជាដើម ដើម្បីចែករំលែកសេចក្តីស្រលាញ់ ដល់គ្នាទៅវិញទៅមក ចំពោះក្រុមគ្រួសារ មាតាបិតា លោកតាលោកយាយ ញាតិមិត្ត មិត្តភក្តិ គូស្វាមី ភរិយា និងគូសង្សារ ដែលសកម្មភាពនេះ អាចបង្កជាហានិភ័យខ្ពស់ នាំឱ្យមានការចម្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ ជាពិសេសវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ដែលជាប្រភេទវីរុសឆ្លងលឿនជាងប្រភេទមុនៗ។
ក្រសួងសុខាភិបាលបានលើកឡើងថា៖ «ការចម្លងវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ភាគច្រើនកើតមាននៅក្នុងចំណោមក្រុមមនុស្សដែលមាន ការជួបជុំគ្នាច្រើន ហើយមានការធ្វេសប្រហែសក្នុងការអនុវត្តវិធានាការសុខាភិបាលត្រឹមត្រូវ ដែលបង្កជា ឱកាសធ្វើឱ្យមានការចម្លងបន្តគ្នា ហើយពួកគាត់អាចនាំយកវីរុសកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ទៅចម្លងបន្តដល់ក្រុមគ្រួសារ ជាពិសេសជនងាយរងគ្រោះនៅក្នុងគ្រួសាររបស់គាត់ ដូចជាមនុស្សវ័យចាស់ អ្នកមានជំងឺប្រចាំកាយជាដើម ដែលអាចបង្កជាហានិភ័យកាន់តែខ្លាំងអាចបណ្តាលឱ្យមានការកើនឡើងករណី ឈឺធ្ងន់ ត្រូវការសម្រាកពេទ្យនិងស្លាប់ជាដើម»។
ក្រសួងសុខាភិបាល ជំរុញឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាល ដូចជាត្រូវកាត់បន្ថយជាអតិបរមានូវការជួបជុំគ្នាច្រើននិងញឹកញាប់ បន្តអនុវត្តវិធានការ ៣ការពារ (ពាក់ម៉ាស់ត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សអ៊ូអរច្រើន កុំទៅកន្លែងមានមនុស្សនៅជិតៗឬកៀកគ្នា កុំទៅកន្លែងបិទជិត) និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន ដូសទី៣ ឬដូស ជំរុញ ឱ្យបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា៕