សេអ៊ូល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបើកកិច្ចប្រជុំកំពូលសន្តិភាពឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដោយមានអ្នកចូលរួមពីបណ្ដាមេដឹកនាំ អតីតថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញជាង១០០ប្រទេស ដោយសម្ដេចបានចែករំលែកអំពីដំណើរឆ្ពោះទៅរកសន្តិភាពនៅកម្ពុជា ដែលថាមិនអាចយកសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមបានទេ។
ថ្លែងបើកក្នុងកិច្ចប្រជុំកំពូលនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោបានលើកឡើងថា ស្ទើរតែពាក់កណ្ដាលជីវិតរបស់សម្ដេចគឺសម្ដេចប្រើប្រាស់ការចរចាជាជាងការធ្វើសង្គ្រាម។ សម្ដេចយល់ថាការធ្វើសង្គ្រាមគឺបានបង្កនូវទុក្ខសោកវេទនាដល់ប្រជាពលរដ្ឋហើយមិនអាចស្វែងរកដំណោះស្រាយបានទេ។
សម្ដេចតេជោ ក៏បានលើកឡើងអំពីនយោបាយឈ្នះឈ្នះនៅកម្ពុជាដែលអាចយកជាឧទាហរណ៍សម្រាប់ប្រទេសនានាផងដែរ។
សម្ដេច ថ្លែងថា៖ «ប្រទេស កម្ពុជា និង តំបន់ មេគង្គ អាចផ្ដល់មេរៀនស្ដីពីការបង្កើតសន្ដិភាពនិងកសាងសន្ដិភាព និងការបង្រួបបង្រួមជាតិ។ ឧទាហរណ៍ នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជាអាចជាការជំរុញទឹកចិត្តនិងប្រភពនៃការស្រាវជ្រាវចំពោះប្រទេសនានា។ យើងមិនអាចប្រើសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមនោះទេ!»
សម្ដេចក៏បានស្នើ ធ្វើយ៉ាងណាឲ្យប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូង សម្រេចបាននូវសន្ធិសញ្ញាសន្តិភាពដើម្បីធ្វើឱ្យឧបទ្វីបកូរ៉េប្រែក្លាយជាតំបន់ដែលមួយដែលពោរពេញដោយសន្តិភាពនិងរួបរួម។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដំណើរចាកចេញពីប្រទេសកម្ពុជាដើម្បីចូលរួមធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ កាលពីថ្អព្រហស្បត្តិ៍ម្សិលមិញ។ ក្រៅពីធ្វើជាសហប្រធាន សម្ដេចក៏ត្រូវបានគេជ្រើសរើសជាជ័យលាភីពានរង្វាន់សន្ដិភាពស៊ុនហាក់ផងដែរ៕