អតីតសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ របស់អតីតគណបក្សសង្គ្រោះជាតិ (CNRP) ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា
បន្ទាយមានជ័យ៖ អតីតសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក រិន រ៉ី អតីតគណបក្សសង្គ្រោះជាតិ (CNRP) និងភរិយា បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីពួកគេបានយល់ច្បាស់ពីគុណតម្លៃ និងគុណសម្បត្តិរបស់គណបក្សកាន់អំណាចមួយនេះ ចំពោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ពិធីប្រគល់សេចក្តីសម្រេច និងបណ្ណសមាជិកគណបក្សប្រជាជនកម្ពុជាជូន លោក រិន រ៉ី និងភរិយា ត្រូវបានធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក អ៊ុ រាត្រី សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានគណបក្សខេត្តបន្ទាយមានជ័យ បានថ្លែងស្វាគមន៍ចំពោះការសម្រេចចិត្តនេះ និងបានចាត់ទុកការចូលរួមជីវភាពនយោបាយរបស់លោក រិន រ៉ី និងភរិយា គឺជាការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ។
អតីតសមាជិកក្រុមប្រឹក្សា និងជាគណៈកម្មការប្រតិបត្តិខេត្តបន្ទាយមានជ័យរបស់អតីតគណបក្សសង្គ្រោះជាតិ លោក រិន រ៉ី ដែលជាថ្នាក់ដឹកនាំដ៏សកម្មមួយរូបរបស់អតីតគណបក្សសង្គ្រោះជាតិក្នុងខេត្តបន្ទាយមានជ័យ លោកបានអះអាងថា ការដែលរូបលោកមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយសាររូបលោក បានមើលឃើញយ៉ាងច្បាស់នូវគោលនយោបាយក្នុងការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យកម្ពុជាមានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាពិសេសប្រជាជនកម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព ប្រកបដោយភាពសុខសាន្ត និងមានសុភមង្គល។
លោក រិន រ៉ី បានគូសបញ្ជាក់ថា «ដោយមើលឃើញនូវគុណបំណាច់ដ៏មហាធំធេងរបស់សម្តេចតេជោ ចំពោះជាតិនិងប្រជាជន ខ្ញុំសូមស្បថសច្ចាថា នឹងស្មោះត្រង់ជាមួយសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ជាពិសេសប្តេជ្ញាគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត និងជារៀងរហូតអស់មួយជីវិត»។
ជាមួយការបង្ហាញពីគុណតម្លៃនិងគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជាហើយនោះ លោក រិន រ៉ី ក៏បានលើកពីគុណវិបត្តិមួយចំនួនរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលជាហេតុធ្វើឱ្យរូបលោកឆ្អែតចិត្ត លែងចង់ និងដាច់អាល័យជាមួយមេដឹកនាំអតីតគណបក្សប្រឆាំងមួយនេះផងដែរ។
លោក រិន រ៉ី បានវាយប្រហារទៅមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិថា ធ្វើនយោបាយដោយគ្មានគោលនយោបាយច្បាស់លាស់ចំពោះការកសាងជាតិឡើយ។ បន្ថែមពីលើនោះ បានប្រើនយោបាយប្រជាភិថុត ញុះញង់ឱ្យមានកំហឹង ការគុំស្អប់ក្នុងសង្គមខ្មែរ ដែលជាហេតុនាំឱ្យមានការបែកបាក់ជាតិ និងនាំដល់ការអន្តរាយជាតិដូចអតីតកាល។
លោក រិន រ៉ី បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យរូបលោកនិងភរិយា បានរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
លោកក៏បានគោរពថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអិចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលបានជួយសម្របសម្រួលឱ្យរូបលោកបានចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា៕