បាត់ដំបង៖ ស្ត្រីម្នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្តរហ័សរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមពលករខ្មែរជិត៣០០នាក់ផ្សេងទៀតអវិជ្ជមានបន្ទាប់ពីសមត្ថកិច្ចថៃចាប់បញ្ជូនមកកាន់ស្រុកកំណើតវិញ។
សមត្ថកិច្ចការពារតំបន់ព្រំដែនស្រុកកំរៀងបានប្រាប់ឲ្យដឹងថា ស្ត្រីម្នាក់នោះត្រូវបានរកឃើញមានផ្ទុកវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បន្ទាប់ពីថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង នៃខេត្តបាត់ដំបង។
ស្ត្រីម្នាក់នោះស្ដិតក្នុងចំណោមពលករដែលថៃចាប់បញ្ជូនមកវិញចំនួនសរុប ២៨៣នាក់ បុរសចំនួន ៨៩នាក់ ក្មេងៗចំនួន ៨៤នាក់ និងស្ត្រី ១១០នាក់។
ហើយក្នុងចំណោមពលករទាំងអស់ខាងលើបានពិនិត្យមានកាតផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២៣៧នាក់ ហើយត្រូវបានមន្ត្រីជំនាញអប់រំណែនាំអនុញ្ញាតិឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ចំណែកឯស្រ្តីដែលវិជ្ជមានកូវីដ-១៩ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅមណ្ឌលព្យាបាល ហើយក្រៅពីនេះតម្រូវឲ្យធ្វើចត្តាឡីស័កដើម្បីតាមដានសុខភាព៕