អន្តរជាតិ៖ នាវាចម្បាំងរុស្ស៊ីចំនួន៦គ្រឿង បានធ្វើដំណើរពីសមុទ្រមេឌីទែរ៉ាណេ ទៅសមុទ្រខ្មៅដើម្បីធ្វើសមយុទ្ធកងទ័ពជើងទឹក។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃអង្គារ។
រុស្ស៊ីបានប្រកាសកាលពីខែមុនថា កងទ័ពជើងទឹករបស់ខ្លួននឹងរៀបចំសមយុទ្ធធំមួយ ដែលពាក់ព័ន្ធនឹងកងនាវារុស្ស៉ីទាំងអស់ក្នុងខែមករា និងកុម្ភៈ ចាប់ពីមហាសមុទ្រប៉ាស៊ីហ្វិក រហូតដល់មហាសមុទ្រអាត្លង់ទិក ស្របពេលដែលមានបញ្ហាប្រឈមមុខជាមួយលោកខាងលិចជុំវិញវិបត្តិអ៊ុយក្រែន។ ប្រភពទួគីបានបញ្ជាក់ថា នាវាទាំងប្រាំមួយបានឆ្លងកាត់ច្រកសមុទ្ររបស់ប្រទេសទួគីទៅកាន់សមុទ្រខ្មៅកាលពីថ្ងៃអង្គារ និងថ្ងៃពុធ។
គួររំលឹកដែរថា រុស្ស៊ីបានពង្រាយទ័ពជាង១០ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន តែបានបដិសេធពីគម្រោងការឈ្លានពាន។ ភាពតានតឹងបានកើនឡើងខ្លាំងក្រោយរុស្ស៊ីបានហាមប្រាមលើអ៊ុយក្រែនដែលមិនឱ្យចូលរួមជាមួយសម្ព័ន្ធមិត្ត NATO ។ តាមផ្លូវច្បាប់ សមាជិកNATO គឺតួកគីអាចបិទច្រកសមុទ្រដើម្បីឆ្លងកាត់ ប្រសិនបើរុស្ស៊ីចាត់វិធានការយោធាប្រឆាំងនឹងអ៊ុយក្រែនមែននោះ។
អ្នកវិភាគនយោបាយដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល លោក Yoruk Isik បាននិយាយថា ប្រទេសតួកគីមិនសិទ្ធិបិទច្រកសមុទ្រសម្រាប់នាវាចម្បាំងបរទេសទាំងអស់នៅក្នុងពេលសង្រ្គាម ឬនៅពេលដែលវាត្រូវបានគំរាមកំហែងដោយការឈ្លានពាន។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីតួកគី លោក Tayyip Erdogan ក៏បានស្នើឱ្យមានការសម្រុះសម្រួលក្នុងជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវផងដែរ។ ទីក្រុងអង់ការ៉ាមានទំនាក់ទំនងស្និទ្ធស្នាលជាមួយប្រទេសទាំងពីរ ទោះបីជាលោក Erdogan និយាយថា ខ្លួននឹងធ្វើអ្វីដែលចាំបាច់ក្នុងនាមជាសមាជិកណាតូក្នុងករណីមានការឈ្លានពានរបស់រុស្ស៊ីក៏ដោយ៕