អេស្ប៉ាញ៖ លោក Luis Enrique បានប្រកាសនូវបញ្ជីឈ្មោះកីឡាករជម្រើសជាតិអេស្ប៉ាញទាំង ២៤នាក់ សម្រាប់ការប្រជែងជើងឯកក្នុងយុទ្ធនាការ Euro 2020 ដែលបានលើកមកឆ្នាំ ២០២១ នេះ ហើយអ្វីដែលគេចាប់អារម្មណ៍បំផុតនោះគឺ បញ្ជីកីឡាករទាំង ២៤នាក់ ពុំមានឈ្មោះកីឡាករក្លិប Real Madrid សូម្បីតែម្នាក់ ខណៈប្រធានក្រុម Sergio Ramos ក៏មិនត្រូវបានលោក Enrique កោះហៅដូចគ្នា។
អតីតអ្នកចាត់ការក្លិប FC Barcelona វ័យ ៥១ឆ្នាំរូបនេះ បានលើកឡើងនូវហេតុផលដែលលោកមើលរំលង Ramos ថា៖ "Ramos មិនអាចចូលរួមប្រកួត និងហ្វឹកហាត់បានល្អប្រសើរឡើយ។ វាពិតជារឿងដ៏លំបាកមួយ ដែលត្រូវរំលង និងមិនកោះហៅរូបគេ (Ramos) ចូលក្នុងបញ្ជីជម្រើសជាតិ។ ខ្ញុំពិតជាមានអារម្មណ៍មិនល្អឡើយ! មែនទែនទៅ Ramos គឺជាកីឡាករមានលក្ខណៈអាជីពខ្ពស់មួយរូប ហើយគេក៏មានស្នាដៃជាច្រើនជាមួយអេស្ប៉ាញនាពេលកន្លងមក ក៏ដូចជានឹងអាចនាំមកនូវសមិទ្ធិផលជាច្រើនទៀតនាពេលអនាគត។ ប៉ុន្តែពេលនេះ ខ្ញុំសម្រេចចិត្តដោយសម្លឹងលើផលប្រយោជន៍ក្រុមទាំងមូលប៉ុណ្ណោះ"។
Ramos ក្នុងឆ្នាំ ២០២១នេះ បានបង្ហាញខ្លួនត្រឹមតែ ៥ប្រកួតប៉ុណ្ណោះ បណ្តាលមកពីបញ្ហារបួសញាំញីម្តងហើយម្តងទៀតរបស់រូបគេ។ គួរបញ្ជាក់ថា នេះគឺជាលើកដំបូងបង្អស់ក្នុងព្រឹត្តិការណ៍ពានរង្វាន់ធំ ដែលក្រុមជម្រើសជាតិអេស្ប៉ាញគ្មានឈ្មោះកីឡាករមកពីក្លិប Real Madrid សូម្បីតែម្នាក់៕