ក្រចេះ៖ កំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលខ្លាស្ទុះ ទៅចំណុចអូរច្រឡង់ ឃុំអូរគ្រៀង ស្រុកសំបូរ ក្នុងខេត្តក្រចេះប្រវែង ៩៣,៥៦គីឡូម៉ែត្រ កំពុងក្លាយជាផ្លូវសេដ្ឋកិច្ចដ៏មានសក្កានុពលមួយរបស់កម្ពុជា ខណៈប្រជាជនកាន់តែច្រើនបានទទួលប្រយោជន៍ពីផ្លូវដ៏មានសារៈសំខាន់ក្នុងតំបន់ភាគឦសាននៃប្រទេសកម្ពុជា។
តាមផ្លូវកៅស៊ូខ្មៅក្រិបនឹងមានឡានម៉ូតូឡើងចុះមិនដាច់ ផ្លូវជាតិលេខ៧ក្នុងខេត្តក្រចេះមិនត្រឹមតែជួយដល់ការធ្វើដំណើររបស់ពលរដ្ឋប៉ុណ្ណោះទេ តែក៏បានជួយដល់សេដ្ឋកិច្ចរបស់អ្នករស់នៅ និងប្រកបរបរជាប់ផ្លូវនេះផងដែរ។
ពលរដ្ឋដែលរស់នៅនិងប្រកបមុខរបរតាមបណ្ដាយផ្លូវជាតិលេខ៧ ជិតរង្វង់មូលខ្លាស្ទុះ អ្នកស្រី ឯក វី អាយុ៥៨ឆ្នាំ បានប្រៀបធៀបផ្លូវជាតិលេខ៧ដូចជាអព្ភូតហេតុមួយដែលអស្ចារ្យព្រោះកាលពីឆ្នាំ២០០៤ តំបន់នេះគឺជាតំបន់ព្រៃស្ទើរតែគ្មានមនុស្សមករស់នៅ។ អ្នកស្រីបន្ថែមថា ការសាងសង់ផ្លូវនេះគឺបានពុះជ្រែកព្រៃដែលស៊ុបទ្រុបក្លាយជាផ្លូវមួយដែលជាសរសៃឈាមសេដ្ឋកិច្ចដូចបច្ចុប្បន្ន។
អ្នកស្រីថា៖ «ពីមុន(ឆ្នាំ២០០៤)សុទ្ធតែព្រៃពលរដ្ឋធ្វើស្រែបន្ដិចបន្ដួចត្រឹមហូបចុកទេ។ ដល់ឥឡូវយើងបានលក់ដូរអញ្ចឹងយើងបានធូរធារដែរក្នុងគ្រួសារ» ។
ផ្លូវជាតិលេខ៧ ត្រូវបានកសាងដោយជំនួយពីរដ្ឋាភិបាលប្រទេសចិនដល់កម្ពុជាក្នុងឆ្នាំ២០០៤ ដែលត្រូវបានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក វ៉ាង វិនធៀន កត់សម្គាល់ថាជាគម្រោងធំបំផុតមួយពីប្រទេសចិនទៅក្រៅប្រទេសនាពេលនោះ។
លោក វ៉ាង វិនធៀន ថ្លែងថា៖ «ផ្លូវជាតិលេខ៧គឺជាគម្រោងជំនួយរបស់ភាគីចិនដែលចាប់ផ្ដើមសាងសង់តាំងពីឆ្នាំ២០០៤ ហើយក៏ជាគម្រោងជំនួយទ្រង់ទ្រាយធំបំផុតរបស់ចិននាពេលនោះផងដែរអាចនិយាយបានថាវាមិនត្រឹមតែជាគម្រោងសំខាន់មួយសម្រាប់គម្រោងជំនួយពីភាគីចិនចំពោះកម្ពុជាប៉ុណ្ណោះទេគឺជាគម្រោងជំនួយដែលជាលក្ខខណ្ឌពិសេសមួយក្នុងប្រវត្តិសាស្ត្រនៃជំនួយចិនជូនចំពោះប្រទេសនៅលើសកលលោកនាពេលនោះ» ។
បន្ថែមពីការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតចិន នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវកែលម្អបន្ថែមកាលពីថ្ងៃទី៧ ខែកុម្ភៈ ដោយបានរំឮកពីការគាំទ្ររបស់ចិនចំពោះកម្ពុជាផងដែរនាពេលនោះ។
សម្ដេចតេជោថ្លែងថា៖ «ឆ្នាំ២០០៣ បោះឆ្នោតរួចហើយភាពជាប់គាំងខាងនយោបាយដោយសារពហិកានៃគណបក្សនយោបាយខ្លះបានបង្កើតឱ្យមានការអូសបន្លាយប្រមាណជិត១ឆ្នាំទើបបង្កើតរដ្ឋាភិបាលបាន។ ពេលនោះគណបក្សប្រជាជនមានត្រឹមតែ៧៣កៅអីទេ ប៉ុន្ដែប្រព័ន្ធបោះឆ្នោតប្រព័ន្ធរដ្ឋធម្មនុញ្ញរបស់យើងបង្កើតរដ្ឋាភិបាលតម្រូវឱ្យមាន២ភាគ៣ដែលត្រូវការដល់៨២សំឡេងទើបអាចបង្កើតបាន ប្រទេសមួយចំនួនប្រកាន់ឥរិយាបថរង់ចាំមើល ប៉ុន្ដែសាធារណរដ្ឋប្រជាមានិតចិនមិនចង់រង់ចាំមើលនោះទេ »។
ក្រៅពីផ្ដល់ជំនួយសម្រាប់សាងសង់ផ្លូវនេះហើយ ប្រទេសចិនបានបន្តថែទាំនិងជួយជួសជុលកែលម្អផ្លូវនេះរហូតមកដល់ពេលនេះដែលមានរយៈពេលជិត២០ឆ្នាំហើយ។
ការកែលម្អលើស្ថានភាពផ្លូវនាពេលនេះមិនត្រឹមតែជួយដល់ការតភ្ជាប់ក្នុងប្រទេសទេ តែវាក៏កំពុងជួយដល់ការប្រកបរបររស់នៅរបស់ពលរដ្ឋតាមផ្លូវនេះផងដែរ។
ទើបតែមកលក់ដូរបន្តិចបន្តួចនៅតាមបណ្ដោយផ្លូវនេះបានប្រមាណ៣ថ្ងៃ អ្នកស្រី វ៉ាន់ សុថារី អាយុ៣២ឆ្នាំ ថាការផ្លាស់មកលក់នៅតាមបណ្ដោយផ្លូវនេះដោយសារអ្នកស្រីឃើញមានពលរដ្ឋធ្វើដំណើរចុះឡើងច្រើនតាមផ្លូវ ហើយមនុស្សកាន់តែច្រើនចាប់ផ្ដើមមករស់នៅតាមបណ្ដោយផ្លូវនេះ។
អ្នកស្រីថា៖ «ពីមុនផ្លូវហ្នឹងរៀងពិបាក តែឥឡូវបានសម្ដេចអភិវឌ្ឍន៍ទៅវាងាយស្រួលធ្វើដំណើរមានភ្ញៀវមានអីអ្នកទេសចរណ៍ច្រើន អ្នកដំណើរច្រើនទៅមកៗច្រើន។ […] មកនេះលក់ដាច់គួរសមបង វាមិនណាស់ណាទេ! យើងមកលក់ថ្មីដល់អញ្ចឹងអត់សូវមានម៉ូយ » ។
ទោះជាយ៉ាងណាអ្នកស្រីបង្ហាញភាពសប្បាយរីករាយនឹងពេញចិត្តចំពោះសមិទ្ធផលថ្មីដែលបានកើតឡើងក្នុងខេត្តអ្នកស្រីនេះ។
ផ្លូវជាតិលេខ៧ ដែលជាជំនួយពីប្រទេសចិននេះគឺជាផ្លូវសេដ្ឋកិច្ចមួយក្នុងប៉ូលសេដ្ឋកិច្ចទី៤របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ បច្ចុប្បន្នផ្លូវនេះបានសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់អ្នករស់នៅភាគឦសាន្តនេះផងដែរ។
ជាអ្នកបើកឡានដឹកដំឡូងមីទៅលក់នៅប្រទេសវៀតណាមលោក ឃឹម វ៉ាន់ថន អាយុ៣៨ឆ្នាំ បានកត់សម្គាល់ពីភាពខុសគ្នាពេលដែលផ្លូវមិនទាន់និងផ្លូវរួចទៅនឹងប្រាក់ចំណូលដែលលោកទទួលបាន។ លោកថាមុនពេលផ្លូវធ្វើរួចលោកត្រូវរវាងតាមផ្លូវផ្សេងដែលត្រូវចំណាយច្រើនលើប្រេងសាំង និងត្រូវចំណាយពេលយូរជាងដែលធ្វើឱ្យដំឡូងរបស់លោកខ្លួនស្វិតខាតគីឡូថែមទៀត។ ទោះជាយ៉ាងណាក្រោយផ្លូវនេះកែលម្អលើកស្ថានភាពរួចនៅឆ្នាំ២០១៨ លោកបានងាកមកប្រើប្រាស់ផ្លូវនេះវិញ ដែលលោកថាបានផ្ដល់ប្រយោជន៍ច្រើនដល់អ្នករកស៊ីដូចរូបលោក។
លោកថា៖ «យើងចំណេញពេលវេលា ចំណេញប្រេង ព្រោះពេលវេលាខ្លីប្រេងអស់តិច វាអត់ពិបាក។ បើក្រឡុក យើងដាក់លេខតិចៗអញ្ចឹងទៅវារអាក់រអួលហ្នឹងស៊ីប្រេងច្រើន។ ដល់អញ្ចឹង(ផ្លូវស្អាត)អត់ស្ទះទេ យើងចាប់អីវ៉ាន់អីអញ្ចឹងយើងឱ្យគេទុកឱ្យយើងអាចវិលទៅវិញបានដាក់ឥវ៉ាន់មកទៀត» ។
កំណាត់ផ្លូវជាតិលេខ៧ពីរង្វង់មូលខ្លាស្ទុះ ទៅចំណុចអូរច្រឡង់ ឃុំអូរគ្រៀង ស្រុកសំបូរ ក្នុងខេត្តក្រចេះប្រវែង ៩៣,៥៦គីឡូម៉ែត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោមជំនួយឥតសំណងពីប្រទេសចិនប្រមាណ ៣៩លានដុល្លារអាមេរិក។ ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១១ ដែលនឹងជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) របស់ប្រទេសទាំង៣។
នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថាខ្សែផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១១(AH11) ឬរបៀងកណ្តាលរបស់មហាអនុតំបន់មេគង្គ(GMS) ដែលតភ្ជាប់ពីទីក្រុងគុនមីង នៅភាគខាងត្បូងនៃប្រទេសចិន ឆ្លងកាត់ទីក្រុងវៀងច័ន្ទនៃប្រទេសឡាវ កាត់រាជធានីភ្នំពេញ និងឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុនៃប្រទេសកម្ពុជា។
ផ្លូវជាតិលេខ៧ ក៏នឹងក្លាយជាផ្លូវជាតិដ៏សំខាន់ប្រទាក់ក្រឡាជាមួយនឹងផ្លូវជាតិមួយចំនួនទៀត សម្រាប់ជួយជំរុញការអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាល របស់ប្រទេសទាំង៣ ជាពិសេស ខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីរបស់កម្ពុជាទៅជាតំបន់ដែលមានការអភិវឌ្ឍ។
លោកបន្តថា៖ «សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការរវាង រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង»។
ពលរដ្ឋដែលរស់នៅតាមផ្លូវនេះបានបង្ហាញសេចក្ដីរីករាយចំពោះសមិទ្ធផលថ្មីដែលកម្ពុជា-ចិនសម្រេចរួមគ្នាលើទឹកដីខេត្តក្រចេះនេះ។
អ្នកស្រី ឯក វី បានថ្លែងថា៖ «អត់មានពិបាកអីទេឥឡូវនេះសប្បាយណាស់! សប្បាយរីករាយបានសម្ដេចធ្វើផ្លូវហើយទៅសម្ពោធអីទៅប្រជាជនយើងបានរស់នៅសប្បាយកុះករអញ្ចឹងទៅ ហើយចេះតែមកថែមៗតគ្នាទៅមនុស្សច្រើនណាស់ឥឡូវ!» ៕
PHOTO: EAC NEWS