ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាអាស៊ានឆ្នាំ២០២២កំពុងរងនូវសម្ពាធចម្រុះជ្រុងមិនធ្លាប់មានពីមុន
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថាអាស៊ានកំពុងរងនឹងសម្ពាធចម្រុះជ្រុងក្នុងឆ្នាំ២០២២ ដោយសំដៅលើការប្រឈមនឹងវិបត្តិកូវីដ-១៩ ការប្រកួតប្រជែងដ៏តានតឹងបំផុតរវាងមហាអំណាចក្នុងពិភពលោក និងវិបត្តិតំបន់កាន់តែជ្រៅទៅៗ។
ថ្លែងក្នុងជំនួបប្រជុំការងារជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថាចាប់តាំងពីប្រទេសកម្ពុជាក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ជិត២៣ឆ្នាំមក នេះជាលើកទី១ហើយដែលសម្ពាធចម្រុះបានធ្លាក់មកលើអាស៊ាន ហើយចំពេលដែលកម្ពុជាដឹកនាំអាស៊ានថែមទៀត។
លោកបន្ថែមថា បញ្ហានេះបានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ក៏ដូចជាប៉ះពាល់ដល់មជ្ឈភាពរបស់អាស៊ាន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងក្នុងការងារសមាហរណកម្ម និងការពង្រីកដៃគូខាងក្រៅជាដើម។
លោកបញ្ជាក់ថា៖ «ក្នុងឋានៈជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ យើងបានជ្រើសរើសនូវមូលបទដែលមានខ្លឹមសារថា «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» (ASEAN A.C.T.: Addressing Challenges Together)។ គោលគំនិតចំបងគឺដើម្បីបង្ហាញពីសារសំខាន់នៃស្មារតីរបស់អាស៊ានក្នុងនាមគ្រួសារដែលមានសមាជិក១០ប្រទេសរួបរួមគ្នាដោយស្មារតីរឹងមាំ និងធ្វើសកម្មភាពរួមដើម្បីសម្រេចបាននូវគោលដៅរួម។ ពាក្យ «ទាំងអស់គ្នា» គឺយើងចង់សង្កត់ធ្ងន់លើមជ្ឈភាពអាស៊ាន ការឯកភាព និងសាមគ្គីភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងបង្កើនការរួមចំណែករបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ និងពិភពលោក»។
រដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានកត់សម្គាល់ពីស្ថានភាពគ្រោះថ្នាក់នៃនយោបាយពិភពលោកមកលើកម្ពុជាផងដែរ តែថាកម្ពុជានៅតែរក្សាបាននូវភាពនឹងនរក្នុងនយោបាយការបរទេស ដោយសម្រេចបាននូវការងារសំខាន់ចំនួន៥គឺ ការការពារទឹកដី ការប្រើប្រាស់គោលនយោបាយការបរទេសបត់បែន វាងវៃ តបតនឹងសម្ពាធភូមិសាស្ត្រនយោបាយ ការចូលរួមកាន់តែសកម្មដល់បុព្ថហេតុសន្ដិភាព និងស្ថិរភាព និងការប្រឈមនានានៃពិភពលោក ការអនុវត្តការទូតសេដ្ឋកិច្ច និងវប្បធម៌ និងការកែទម្រង់ផ្ទៃក្នុងដើម្បីគាំទ្រ និងលើកកម្ពស់ប្រសិទ្ធិភាពការងារការទូត។
កម្ពុជាក្លាយជាប្រធានប្ដូរវេនអាស៊ាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ជាលើកទី៣ នៃការដឹកនាំតំបន់ដែលមានសក្ដានុពលសេដ្ឋកិច្ច និងកម្លាំងនៅអាស៊ី។
ថ្លែងក្នុងពេលទទួល ញញួរប្រធាន អាស៊ានកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងដឹកនាំកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានដើម្បី ឈានទៅសម្រេចបាននូវសមិទ្ធផលសំខាន់ៗថែមទៀត ដោយយកចិត្តទុកដាក់លើការពង្រឹងមជ្ឈភាព និងឯកភាពអាស៊ានទាំងក្នុងយន្តការតំបន់ និងជាមួយដៃគូខាងក្រៅដោយឈរលើ មាគ៌ា និងគោលការណ៍របស់អាស៊ាន៕