ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កម្ពុជា-ព្រុយណេ ឯកភាពគ្នាបង្កើតអនុស្សារណស្ដីពីការពិគ្រោះយោបល់ទ្វេភាគីរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការបរទេសទី២ នៃព្រុយណេដារ៉ូសាឡាមកលោក ដាតូ អ៊ៅរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ បានឯកភាពគ្នាក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងព្រះចៅស៊ុលតង់ព្រះមហាក្សត្រនៃប្រទេសព្រុយណេដារ៉ូស្សាឡាម ស្ដីពីការពិគ្រោះយោបល់ទ្វេភាគី។

ក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា និងព្រុយណេ កាលពីថ្ងៃទី៩ ខែកុម្ភៈ ភាគីទាំងពីរបានអបអរសាទរចំពោះចំណងទំនងការទូតរវាងប្រទេសទាំងពីរចំនួន៣០ឆ្នាំមកនេះ ខណៈព្រះចៅស៊ុលតង់ព្រះមហាក្សត្រនៃប្រទេសព្រុយណេ ក៏មានរាជហរទ័យយាងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា មុនកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលពាក់ព័ន្ធ នាខែវិច្ឆិកា។ ក្នុងនោះរដ្ឋមន្ត្រីការបរទេសព្រុយនេ ក៏បានអញ្ជើញរដ្ឋមន្ត្រីការទេសកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេក្នុងពេលសមស្របណាមួយខាងមុខ។

បន្ថែមលើពីនេះប្រទេសទាំងពីរបានបង្កើនទំនាក់ទំនងរវាងគ្នានឹងគ្នាមួយកម្រិតទៀត ដោយបានឯកភាពអនុស្សារណស្ដីពីការពិគ្រោះយោបល់ទ្វេភាគីរវាងប្រទេសកម្ពុជា និងព្រះចៅស៊ុលតងព្រះមហាក្សត្រនៃប្រទេសព្រុយណេផងដែរ។

ក្រៅពីជជែកពីទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ ប្រមុខរដ្ឋមន្ត្រីការបរទេសនៃអតីតប្រធានអាស៊ាន និងរដ្ឋមន្ត្រីការបរទេសប្រធានអាស៊ានបច្ចុប្បន្ន ក៏បានជជែកពីបញ្ហាដែលកើតឡើងក្នុងតំបន់អាស៊ាន ជាពិសេសបញ្ហានៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មាននៅយប់ថ្ងៃទី៩ ខែកុម្ភៈ ក្រសួងការបរទេសកម្ពុជាឱ្យដឹងថា៖ «ភាគីទាំងពីរបានឯកភាពគ្នាថា អាស៊ានគួរតែបន្តបង្កើតដំណើរការសន្ទនាមួយប្រកបដោយបរិយាបន្ន ដែលមីយ៉ាន់ម៉ាធ្វើជាម្ចាស់ និងដឹកនាំ ដើម្បីបញ្ចប់ហិង្សា តប់ស្កាត់មិនឱ្យលក្ខខណ្ឌមនុស្សធម៌កាន់តែអាក្រក់ និងទទួលបាននូវសន្ដិភាពយូរអង្វែង។ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចែករំលែកការប្ដេជ្ញាចិត្តក្នុងការធ្វើការជាមួយគ្នា រួមនិងសហការីអាស៊ានដទៃទៀត ដើម្បីពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច និងដើម្បីពង្រឹងបន្ថែមទៀតនូវមជ្ឍភាព និងឯកភាពអាស៊ាន» ។

ប្រ៊ុយណេ និងកម្ពុជាបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៩២ ដោយមានស្ថានទូតក្នុងប្រទេសទាំងពីររៀងខ្លួន ប្រទេសទាំងពីរក៏បានសហការគ្នាលើវិស័យពាណិជ្ជកម្ម អប់រំ និងការពារជាតិផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក