ភ្នំពេញ÷ ក្រសួងទេសចរណ៍បានអំពាវនាវដល់ម្ចាស់ខារ៉ាអូខេ KTV ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន ចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ (អូមីក្រុង) តាមរយៈការអនុវត្តវិធានសុខាភិបាលឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួង។
ក្នុងលិខិតរបស់ក្រសួងនៅថ្ងៃពុធនេះបានបញ្ជាក់ថាក្រសួងទេសចរណ៍ សូមធ្វើការណែនាំដល់រដ្ឋបាល រាជធានី ខេត្ត ត្រូវបន្តរៀបចំយន្តការត្រួតពិនិត្យ និងតាមដានការអនុវត្តវិធានការ “៣ការពារ ៣កុំ" និងត្រូវពង្រឹងការអនុវត្ត វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មខារ៉ាអូខ (KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងបៀរហ្គាឌិន ឱ្យបានហ្មត់ចត់។
ក្រសួងបានបញ្ជាក់ថា កន្លែងកម្សាន្តដែលបានបញ្ជាក់ខាងលើតម្រូវចាំបាច់ឱ្យ បុគ្គលិកទាំងអស់ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា និងគ្រប់ដូស ពាក់ម៉ាស់ និងលាងសម្អាតដៃជាប្រចាំ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងចុះឈ្មោះក្នុងប្រព័ន្ធ QR CODE និងត្រូវវាស់កម្ដៅ បាញ់អាល់កុល មុនអនុញ្ញាតឱ្យចូលក្នុងបរិវេណអាជីវកម្ម ត្រូវរក្សាគម្លាតសុវត្ថិភាព ដោយត្រូវកំណត់ចំនួនភ្ញៀវឱ្យសមាមាត្រទៅនឹងទំហំទីតាំងអាជីវកម្មមិនឱ្យលើសចំនួនផ្ទុកជាអតិបរមានៅតាមទីតាំងអាជីវកម្មនីមួយៗ ដោយរក្សាគម្លាតសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវណែនាំដល់ម្ចាស់អាជីវកម្មឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមត្ថភាពផ្ទុក (Carrying Capacity) តាមរយៈ គេហទំព័រ www.camccms.org ៕