សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានព្រមានជុំវិញការធ្វើដំណើរទៅកាន់ប្រទេសជប៉ុន បន្ទាប់ពីមានការកើនឡើងជាបន្តបន្ទាប់នៃករណីឆ្លងវីរុសកូវីដ-19 ខណៈដែលព្រឹត្តិការណ៍អូឡាំពិករដូវក្តៅ នាទីក្រុងតូក្យូ នឹងឈានមកដល់នាប៉ុន្មានសប្តាហ៍ខាងមុខ។ ប៉ុន្តែយ៉ាងណាមិញ គណៈកម្មការអូឡាំពិករបស់សហរដ្ឋអាមេរិក បានបង្ហាញជំនឿចិត្ត និងសុទិដ្ឋិនិយមថា អត្តពលិករបស់ខ្លួននឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរដោយសុវត្ថិភាព និងងាយស្រួលដើម្បីចូលរួមព្រឹត្តិការណ៍អូឡាំពិកនេះ។
មកដល់ពេលនេះ ជប៉ុនបានដាក់បំរាមស្ទើរតែទាំងស្រុងទៅលើអ្នកដំណើរមកពីខាងក្រៅប្រទេស ស្របពេលដែលអត្រាអ្នកឆ្លងថ្មីបានកើនឡើងខ្ពស់ឡើងវិញនូវប៉ុន្មានសប្តាហ៍ចុងក្រោយ ក្រោយពីប្រទេសនេះមាននូវតួលេខធ្លាក់ចុះអ្នកឆ្លងថ្មីជាយូរមកហើយនោះ។ ជប៉ុនត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងកូវីដ-19 សរុបច្រើនជាង ៧០០,០០០ករណី ដោយឡែកអ្នកស្លាប់មានលើសពី ១២,០០០នាក់។
កន្លងមក ក៏មានការបាតុកម្មតវ៉ាពីសំណាក់ពលរដ្ឋជប៉ុន ដែលទាមទារឱ្យមានការលុបចោល ឬបន្តប្រកាសលើកពេលព្រឹត្តិការណ៍អូឡាំពិកនេះដោយអះអាងថា វេលានេះជប៉ុនមិនសាកសមក្នុងការទទួលអត្តពលិក និងផ្នែកពាក់ព័ន្ធសម្រាប់ព្រឹត្តិការណ៍កម្រិតពិភពលោកនេះឡើយ ហើយខ្លះក៏បានបន្ថែមថា ខ្ទង់ចំណាយដ៏ច្រើនសម្បើមរបស់គណៈកម្មការរៀបចំព្រឹត្តិការណ៍អូឡាំពិកនោះ គួរតែត្រូវបានបង្វែរមកទំនុកបម្រុងប្រជាជនដែលរងផលប៉ះពាល់ជំនួសវិញ។ អូឡាំពិក ហាក់ស្ថិតក្នុងភាពមន្ទិលនៅឡើយ ក្រោយពីលោក Thomas Bach ប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) ក៏បានប្រកាសលុបចោលទស្សនកិច្ចរបស់លោកមកកាន់ប្រទេសជប៉ុនផងដែរ ក្រោយប្រទេសនេះបានបន្តប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរហូតដល់ចុងខែឧសភា៕