មូលនិធិគន្ធបុប្ផាកម្ពុជាសហប្រតិបត្តិការជាមួយមូលនិធិគន្ធបុប្ផាស្វ៊ីសដើម្បីរក្សានិរន្តរភាពរបស់មន្ទីរពេទ្យ
ភ្នំពេញ៖ មូលនិធិគន្ធបុប្ផាកម្ពុជាចុះអនុស្សារណៈយោគយល់គ្នាជាមួយមូលនិធិគន្ធបុប្ផាស្វ៊ីស ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងមូលនិធិទាំងពីរឱ្យកាន់តែទូលំទូលាយ ជាពិសេសលើការងារគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំងឱ្យកាន់តែមានប្រសិទ្ធភាពនិងនិរន្តរភាព។
ការចុះអនុស្សារណៈយោកយល់គ្នានេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ រវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងប្រធានមូលនិធិគន្ធបុប្ផាស្វ៊ីសលោកបណ្ឌិត Ren– Schwarzenbach ។
ការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមពីកិច្ចសហប្រតិបត្តិការផ្សេងទៀតនេះ នឹងផ្តល់ជាប្រយោជន៍កាន់តែប្រសើរឡើង ក្នុងការរក្សាបាននូវកេរ្តិ៍ដំណែលដែលបន្សល់ទុកដោយលោកវេជ្ជបណ្ឌិត Beat Richner ក្នុងបេសសកម្មសង្គ្រោះកុមារកម្ពុជាដោយឥតគិតថ្លៃនិងមិនរើសអើងចាប់តាំងពីមន្ទីរពេទ្យត្រូវបានដាក់ឱ្យដំណើរការឡើងវិញកាលពីឆ្នាំ១៩៩២មក។
លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា គិតចាប់ពីពេលបង្កើតនិងដាក់ឱ្យដំណើរការជាផ្លូវការនូវមូលនិធិគន្ធបុប្ផាកម្ពុជាកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ រហូតដល់ខែកម្ភៈ ឆ្នាំ២០២២នេះ មូលនិធិបានបង្វែរថវិកាជាបន្តបន្ទាប់ជូនមន្ទីរពេទ្យគន្ធបុប្ផាដែលមានចំនួនសរុបប្រមាណ ៣២,៣លានដុល្លារអាមេរិក។ ជាមួយគ្នានេះ លោកក៏បានប្រគល់ថវិកាចំនួន២លានដុល្លារអាមេរិកដែលទទួលបានពីការបរិច្ចាគរបស់សប្បុរសជនតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ជូនមន្ទីរពេទ្យគន្ធបុប្ផាបន្ថែមពីលើថវិកាតាមការស្នើសុំរបស់មន្ទីរពេទ្យគន្ធបុប្ផានាពេលកន្លងមក។
នៅក្នុងឆ្នាំ២០២១កន្លងទៅ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុបចំនួនប្រមាណ ១៨,៥លានដុល្លារអាមេរិក ពីប្រភពនានាដូចជាវិភាគទានរបស់រាជរដ្ឋាភិបាល កម្រៃពីការលក់សំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ វិភាគទានរបស់កាកបាទក្រហម និងការបរិច្ចាគរបស់សប្បុរសជនទូទៅ៕