ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ក្រុមគ្រូពេទ្យចល័តនឹងចុះចាក់វ៉ាក់សាំងដូសជំរុញដល់មូលដ្ឋាន

ក្រចេះ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស បានណែនាំឱ្យមានការរៀបចំក្រុមគ្រូពេទ្យចល័ត ចុះចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ ពិសេសសម្រាប់អ្នកដែលលំបាកក្នុងការធ្វើដំណើរមកទីតាំងចាក់។

ក្នុងឱកាសចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំង នៅខេត្តក្រចេះ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌទូទាំងប្រទេស លោកស្រី ឱ វណ្ណឌីន ណែនាំដល់រដ្ឋបាលខេត្តត្រូវរៀបចំក្រុមគ្រូពេទ្យចល័ត ដើម្បីចុះចាក់វ៉ាក់សាំងដូសជំរុញជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បន្ថែមពីទីតាំងដែលកំពុងតែដំណើរការចាក់ជាអចិន្ដ្រៃយ៍។

ការណែនាំនេះគឺធ្វើឡើងនៅក្នុងគោលបំណងនាំយកវ៉ាក់សាំងដែលមាននៅក្នុងដៃទៅចាក់ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលមានការលំបាកនៅក្នុងការធ្វើដំណើរមកចាក់វ៉ាក់សាំង និងដើម្បីបង្កើននូវការចាក់វ៉ាក់សាំងដូសជំរុញទៅដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

លោកស្រីមានការសង្កេតមើលឃើញផងដែរថា អំឡុងពេលចាក់វ៉ាក់សាំងដូសមូលដ្ឋានប្រជាពលរដ្ឋមានការស្វះស្វែងចាក់វ៉ាក់សាំងគ្រប់ៗគ្នាដោយខ្លួនឯងព្រោះពួកគាត់មានការភ័យខ្លាច ចង់ទទួលវ៉ាក់សាំងឲ្យបានឆាប់។ ប៉ុន្ដែពេលនេះដោយសារការគ្រប់គ្រងបានល្អពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ពួកគាត់ប្រហែលជាភ្លេចអំពីការរស់នៅតាមបែបប្រក្រតីភាពថ្មី និងភ្លេចនូវការចាក់វ៉ាក់សាំងដូសជំរុញ និងមានការជឿជាក់ទៅលើការចាក់វ៉ាក់សាំងដូសមូលដ្ឋានទាំងពីរលើក។

លោកស្រីនិយាយថា៖ «ចំណុចសំខាន់មែនទែន គឺគាត់តែងតែគិតថាវាមិនអី អញ្ចឹងហើយបងប្អូនប្រជាពលរដ្ឋខ្លះគាត់គិតថាគាត់បានចាក់វ់ាក់សាំងហើយ តែគាត់មិនបានយល់ថា តើការចាក់ហ្នឹងគេតម្រូវឲ្យចាក់ទី២ ទី៣ ឬក៏ទី៤ហ្នឹងអីយ៉ាងម៉េច គាត់គ្រាន់តែដឹងថាគាត់ចាក់ហើយ អញ្ចឹងគាត់ហាក់ដូចជាគិតថាមិនមានភាពចាំបាច់អីដែលត្រូវគាត់មកចាក់ទៀតទេ»។

លោកស្រីបន្ថែមថា ប្រជាពលរដ្ឋមួយចំនួនទៀត មិនបានទៅចាក់វ៉ាក់សាំងដោយសារតែគាត់រវល់នៅក្នុងការប្រកបរបររកស៊ី និងពិបាកក្នុងការធ្វើដំណើរមកចាក់វ៉ាក់សាំង ហេតុនេះត្រូវនាំវ៉ាក់សាំងទៅចាក់ឲ្យគាត់ដល់មូលដ្ឋានតែម្ដង។

លោកស្រីសំណូមពរឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសជំរុញដើម្បីបង្កើននូវប្រសិទ្ធិភាពការពារពីជំងឺកូវីដ ជាពិសេសប្រភេទថ្មី អូមីក្រុង ដែលកំពុងមានការឆ្លងរាលដាលនៅពាសពេញពិភពលោកនៅក្នុងពេលបច្ចុប្បន្ន។

លោកស្រីបញ្ជាក់ថា ដើម្បីដំណើរការនេះប្រព្រឹត្តទៅរលូន និងមានភាពច្បាស់លាស់នោះ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំធ្វើជំនឿលើប្រជាពលរដ្ឋពាក់ព័ន្ធការងារចាក់វ៉ាក់សាំង ពិសេសដើម្បីដឹងច្បាស់ថា ពួកគាត់ចាក់វ៉ាក់សាំងបានប៉ុន្មានដូសហើយ និងដល់វេលាកំណត់ដើម្បីចាក់ដូសជំរុញហើយឬនៅ។ ដូច្នេះក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នារកចំនួនអ្នកដែលមិនទាន់បានចាក់ដូសជំរុញ រួចកំណត់ថ្ងៃដើម្បីរៀបចំក្រុមគ្រូពេទ្យចុះទៅចាក់ជូនពួកគាត់។

បន្ថែមពីការជំរុញដំណើរការចាក់ដូសជំរុញហើយនោះ លោកស្រីបានណែនាំឲ្យក្រុមគ្រូពេទ្យ រួមជាមួយអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើននូវការផ្សព្វផ្សាយបន្ដទៀតដល់ប្រជាពលរដ្ឋ អំពីការវិវឌ្ឍន៍នៃជំងឺកូវីដ-១៩ ព្រមទាំងវិធានការការពារ គឺ៣ការពារ និង៣កុំ ដើម្បីឲ្យពួកគាត់បន្ដនូវការប្រុងប្រយ័ត្នការពារខ្លួនពីជំងឺកូវីដ១៩ និងរស់នៅតាមប្រក្រតីភាពថ្មី។

បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់មាន ៨៩,៧៩%។ ក្នុងនោះអ្នកចាក់ដូសទី៣រួចរាល់មានចំនួន ៥ ៨១៧ ១១០នាក់ និងដូសទី៤មានចំនួន ៥១៣ ០៣៣នាក់ ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក