សហភាពអឺរ៉ុប៖ សហភាពអឺរ៉ុប បានប្រជុំសម្រេចចុងក្រោយជុំវិញការដាក់បំរាមទៅលើជើងហោះហើររបស់ប្រទេសបេឡារុស នៅលើដែនអាកាសរបស់សហភាពអឺរ៉ុប ក្រោយពីមានហេតុការណ៍ប៉ុនប៉ងឧក្រិដ្ឋកម្មលើយន្តហោះមួយបានកើតឡើង ដែលបង្ខំឱ្យជើងហោះហើរមួយបានបង្វែរទិសដៅទៅកាន់ទីក្រុង មីនស្កិ៍ (Minsk) ប្រទេសបេឡារុសវិញ ហើយមានអ្នកកាសែតម្នាក់ត្រូវបានឃាត់ខ្លួនផងដែរ។
ក្នុងកិច្ចប្រជុំមួយនៅឯទីក្រុងប្រ៊ុចសែល មេដឹកនាំនៃបណ្តាប្រទេសទាំង ២៧ នៃសហភាពអឺរ៉ុប បានប្រាប់ទៅកាន់បណ្តាជើងហោះហើរនៃប្រទេសទាំងអស់ជាសមាជិក មិនត្រូវហោះហើរកាត់លើដែនអាកាសរបស់ប្រទេសបេឡារុសឡើយ ខណៈទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងត្រូវពិចារណាដាក់ទៅលើប្រទេសបេឡារុសផងដែរ។
ប្រទេសបេឡារុស ត្រូវបានបណ្តាប្រទេសលោកខាងលិចចោទប្រកាន់ថាបាន ផ្តើមគំនិតក្នុងហេតុការណ៍ "ប្លន់យន្តហោះ" លើជើងហោះហើរមួយរបស់ក្រុមហ៊ុន Ryanair របស់អៀរឡង់។ បញ្ហាដែលកើតឡើងនាពេលនេះគឺបណ្តាលមកពីការឃាត់ខ្លួនទៅលើបុរសវ័យ ២៦ឆ្នាំ លោក Roman Protasevich ដែលជាអ្នកសារព័ត៌មាននិន្នាការប្រឆាំងទៅនឹងរដ្ឋាភិបាល ហើយមន្រ្តីនៃក្រុមគណបក្សប្រឆាំងបានលើកឡើងថា នេះគឺជាការរឹតត្បិតទៅលើសេរីភាពបញ្ចេញមតិ និងបំបិទសំឡេងសារព័ត៌មាន ហើយបានលើកឡើងទៀតថា លោក Protasevich កំពុងរងនូវការបង្ខិតបង្ខំឱ្យសារភាពចម្លើយពីកំហុសដែលប្រឌិតដោយរដ្ឋបេឡារុស។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏បាននិយាយរិះគន់ជុំវិញបញ្ហានេះផងដែរ ដោយលោកបានហៅទង្វើរបស់រដ្ឋាភិបាលបេឡារុសថាជា "ទង្វើដែលគួរឱ្យស្អប់ខ្ពើម" និងជាការរុកគួនគួរឱ្យអាម៉ាស់ទាំងផ្នែកនយោបាយ និងសេរីភាពសារព័ត៌មាន៕