អន្តរជាតិ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អះអាងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃចន្ទទី៧ ខែកុម្ភៈ នេះថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីស្វែងរកការសម្របសម្រួលជុំវិញបញ្ហាអ៊ុយក្រែន។
មេដឹកនាំទាំងពីរបានសម្តែងក្តីសង្ឃឹមថា ដំណោះស្រាយអាចត្រូវបានរកឃើញចំពោះភាពតានតឹង រវាងរុស្ស៊ីនិងលោកខាងលិច ចាប់តាំងពីទីបញ្ចប់នៃសង្គ្រាមត្រជាក់ ក្រោយពីកិច្ចពិភាក្សាជិតប្រាំម៉ោងក្នុងវិមានក្រឹមឡាំង។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន បានអោយដឹងថា៖ «យើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីស្វែងរកការសម្របសម្រួលដែលស័ក្តិសមនឹងអ្នករាល់គ្នា»។
មេដឹកនាំទាំងពីរក៏នឹងពិភាក្សានាតាមទូរស័ព្ទទៀត បន្ទាប់ពីលោកម៉ាក្រុងជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃអង្គារនេះ។
ប្រធានាធិបតីបារាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ី បានដាក់សំណើរ រួមមានការអនុវត្តពីភាគីទាំងសងខាងក្នុងការមិនចាត់វិធានការយោធាថ្មី ការចាប់ផ្តើមកិច្ចសន្ទនាយុទ្ធសាស្ត្រថ្មី និង ការខិតខំប្រឹងប្រែងដើម្បីស្តារដំណើរការសន្តិភាពអ៊ុយក្រែនឡើងវិញ៕