វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទថាបំពង់បង្ហូរឧស្ម័ន Nord Stream 2 នឹងត្រូវបិទប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនហើយសង្កត់ធ្ងន់ថានឹងធ្វើការជាមួយអធិការបតីអាល្លឺម៉ង់ Olaf Scholz ដើម្បីបញ្ចៀសសង្រ្គាមនៅអឺរ៉ុប។
នៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានជាមួយមេដឹកនាំអាល្លឺម៉ង់ថ្មី លោក Biden បានឱ្យដឹងថាគម្រោងបំពង់បង្ហូរប្រេងដែលមានអាយុកាលមួយទសវត្សរ៍ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ អាចនឹងត្រូវបិទបើសិនកងកម្លាំងរុស្ស៊ីវាយអ៊ុយក្រែននោះ។
លោក Biden បាននិយាយថា៖ «ប្រសិនបើរុស្ស៊ីឈ្លានពាននោះមានន័យថានឹងមិនមាន Nord Stream 2 ទៀតទេ។ ខ្ញុំហ៊ានសន្យាខ្ញុំហ៊ានធ្វើ» ។
លោក Scholz បាននិយាយថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ មានវិធីសាស្រ្តដូចគ្នាចំពោះអ៊ុយក្រែន ចំពោះរុស្ស៊ី និងការដាក់ទណ្ឌកម្ម ប៉ុន្តែមិនបានបញ្ជាក់ដោយផ្ទាល់អំពីផែនការ Nord Stream 2 ឬនិយាយអំពីកាតបិទបំពង់បង្ហូរប្រេងនេះជាសាធារណៈនោះទេ។
គួរបញ្ជាក់ថា Nord Stream 2 គឹជាបំពង់បង្ហូរឧស្ម័នដែលមានតម្លៃ ១១ពាន់លានដុល្លារឆ្លងកាត់សមុទ្របាល់ទិក ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនថាមពលយក្ស Gazprom ដែលគាំទ្រដោយរដ្ឋរបស់រុស្ស៊ី ដំណើរការពីភាគខាងលិចស៊ីបេរី ទៅកាន់ប្រទេសអាឡឺម៉ង់ ដែលបង្កើនសមត្ថភាពទ្វេដងនៃបំពង់បង្ហូរ Nord Stream 1 ដែលបានប្រើរួចហើយ៕