ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានឱ្យដឹងថាការរៀបចំកម្មវិធី មុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា (DEY) ដំណាក់កាលទី២ មានគោលដៅគាំទ្រយុវជនវ័យក្មេង ទាំងស្រ្តី និងបុរស នៅកម្ពុជាក្នុងការទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព។
ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រឹក្សាភិបាលនៃកម្មវិធីDEYនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម និងក្រុមហ៊ុនជីហ្គៀគ្រុប លោក អ៊ិត សំហេង បានបញ្ជាក់ថា៖ «កម្មវិធី DEY ដំណាក់កាលទី២ នេះក៏មានគោលដៅដើម្បីធានាថាយុវជនវ័យក្មេងអាចបំពេញតាមតម្រូវការទីផ្សារការងារ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារប្រកបដោយគុណភាព»។
គួរជម្រាបជូនដែរថា កម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា(DEY) ដំណាក់កាលទី២ ឆ្នាំ២០២០-២០២៣ ត្រូវបានរៀបចំបន្តពីដំណាក់កាលទី១ ដើម្បីដោះស្រាយបញ្ហាសំខាន់ចំនួន៤ រួមមាន ឱនភាពនៃជំនាញជាប្រព័ន្ធក្នុងចំណោមយុវជនវ័យក្មេងនៅកម្ពុជាដោសារផ្លាស់ប្តូរដ៏ឆាប់រហ័សនៃបច្ចេកវិទ្យា ភាពមិនស៊ីចង្វាក់គ្នារវាងតម្រូវការទីផ្សារការងារ និងជំនាញរបស់យុវជនវ័យក្មេង តម្រូវការក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃសហគ្រិនភាព និងអាជីវកម្ម ដែលជាប្រភពនៃការងារ និងសុខមាលភាព និងតម្រូវការក្នុងការដោះស្រាយការកើនឡើងនៃការងារក្រៅប្រព័ន្ធ ការងារងាយរងគ្រោះ និងកង្វះគុណភាពការងារ៕