ក្រសួងការបរទេសនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយទាក់ទងនឹងការធ្វើពាណិជ្ជកម្មនៃប្រទេសនិយាយភាសាបារាំង
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានប្រកាសរៀបចំសិក្ខាសាលាផ្សព្វផ្សាយព័ត៌មានលើកទី២ នៅក្នុងក្របខណ្ឌនៃការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលជាឱកាសនៃជំនួបធុរកិច្ចនិងធុរកិច្ច (B2B) ដើម្បីបង្កើតទំនាក់ទំនងសេដ្ឋកិច្ចផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា សិក្ខាសាលានេះនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ចាប់ពីម៉ោង ១៦និង៣០នាទី នៅមជ្ឈមណ្ឌលកោះពេជ្រ ដែលរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
ជំនួបលើកនេះជាឱកាសដើម្បីពិភាក្សាអំពីបញ្ហាភស្តុភារពាក់ព័ន្ធនឹងការរៀបចំបេសកកម្ម MECA និងការរំពឹងចង់បានរបស់ក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនអន្តរជាតិជាពិសេសទាក់ទងនឹងទស្សនកិច្ចតាមសហគ្រាស។ ម្យ៉ាងវិញទៀត សិក្ខាសាលានេះក៏នឹងជាឱកាសនៃជំនួបធុរកិច្ចនិងធុរកិច្ច (B2B) ផងដែរ។
គួរបញ្ជាក់ថា បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលដឹកនាំដោយអគ្គលេខាធិការអង្គការ OIF មានគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរវាងរដ្ឋជាសមាជិកអង្គការ OIF មកពីទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង។ ប្រតិបត្តិការសេដ្ឋកិច្ចប្រមាណ ៨៥រូប មកពីគ្រប់ទ្វីបទាំងអស់ នឹងធ្វើដំណើរមក ប្រទេសវៀតណាម និងប្រទេសកម្ពុជាដែលនៅទីនោះ ប្រតិបត្តិការសេដ្ឋកិច្ច និងប្រធានសហគ្រាសជាង ២៥០រូបរង់ចាំទទួលស្វាគមន៍ពួកគេ។ បេសកកម្ម MECA នេះនឹងចាប់ផ្តើមដំបូងនៅទីក្រុងហូជីមិញ បន្ទាប់ មកនៅទីក្រុងហាណូយ មុននឹងបញ្ចប់នៅរាជធានីភ្នំពេញ៕