ក្រសួងមហាផ្ទៃប្រាប់ឱ្យគ្រប់អភិបាលរាជធានី-ខេត្តបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយក្នុងការធ្វើសកម្មភាព
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្នើគណៈអភិបាលរាជធានី-ខេត្ត ឱ្យបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ខាងមុខ ប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌។
នៅក្នុងលិខិតចុះថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបញ្ជាក់ថាគ្រប់គណបក្សនយោបាយដែលបានចុះបញ្ជីស្របច្បាប់ទាំងអស់ អាចធ្វើការបើកទីស្នាក់ការ លើកផ្លាកសញ្ញាគណបក្ស ជួបប្រជុំនយោបាយ ឬការជួបជុំមន្ត្រីគណបក្ស អាចធ្វើទៅបានដោយគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំ-សង្កាត់ មិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរឃុំ-សង្កាត់ជាមុននោះទេតែត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចប្រកបដោយការយល់យោគ។ លើកលែងតែការលើកផ្លាកសញ្ញាគណបក្សនៅតាមទីសាធារណៈ ទីប្រជុំជន ឬតាមដងផ្លូវនានា និងការជួបជុំនយោបាយនៅតាមទីសាធារណៈប៉ុណ្ណោះដែលចាំបាច់ត្រូវធ្វើការស្នើសុំពីអាជ្ញាធរជាមុន។
ក្រសួងមហាផ្ទៃបញ្ជាក់ថា ពាក្យសុំត្រូវដាក់ជូនអាជ្ញាធរឃុំ-សង្កាត់ ក្នុងរយៈពេល៣ថ្ងៃមុនរៀបចំលើកផ្លាក ឬជួបប្រជុំនយោបាយ ដោយអាជ្ញាធរឃុំសង្កាត់ ត្រូវពិចារណាលើសំណើនេះក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ខ្លួន អំពីបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ពិសេសសុវត្ថិភាពចរាចរណ៍ សោភ័ណភាពសាធារណ និងអនាម័យសាធារណៈ ដោយត្រូវឆ្លើយតបទៅគណបក្សនយោបាយសាមីវិញយ៉ាងតិច១ថ្ងៃ។
ក្នុងសារាចរណែនាំនោះបានលើកឡើងថា៖ «ការជួបប្រជុំនយោបាយនៅតាមទីសាធារណៈដូចករណីខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវពិគ្រោះជាមួយគណបក្សនយោបាយសាមី អំពីវិធានការចាំបាច់ដែលគណបក្សនយោបាយត្រូវផ្ដល់កិច្ចសហការ និងការយោគយល់គ្នាទៅវិញទៅមក អំពីបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសាធារណៈ និងអនាម័យសាធារណៈ រួមទាំងវិធានការសុខាភិបាល»។
បច្ចុប្បន្នមានគណបក្សនយោបាយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃជិត៥០គណបក្ស។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២៕