រដ្ឋមន្ត្រីសង្គមកិច្ចជំរុញឱ្យពង្រីកបរិមាណផ្ទេរអនីតិជនដែលទំនាស់នឹងច្បាប់មកកាន់មណ្ឌលស្ដារនីតិសម្បទា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច វង សូត បានជំរុញឱ្យបន្តអនុវត្តសាកល្បងក្នុងការទទួលអនីតិជនដែលទំនាស់នឹងច្បាប់មកស្នាក់នៅ អប់រំ កែប្រែ ក្នុងបរិមាណមួយសមស្រប និងពង្រីកបរិមាណជាបន្តបន្តាប់ស្របតាមសមត្ថភាពនិងលទ្ធភាពរបស់មណ្ឌល ព្រមទាំងពន្លឿនបញ្ចប់ឯកសារគតិយុត្តដែលនៅសេសសល់ឱ្យបានឆាប់រហ័ស។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោក វង សូត បានថ្លែងថា បើទោះបីកម្ពុជារងគ្រោះពីជំងឺរាតត្បាតនៃជំងឹកូវីដ-១៩ក្ដី ក៏កម្ពុជានៅតែអាចបន្តអភិវឌ្ឍនិងកសាងប្រទេសជាបន្តទៅមុខទៀត។
ជាមួយគ្នានោះលោក បានជំរុញឱ្យថ្នាក់ដឹកនាំក្រសួងបន្តរៀបចំគោលនយោបាយជាតិសង្គមកិច្ច ដើម្បីកំណត់ឱ្យបាននូវចក្ខុវិស័យ អាទិភាពការងារ និងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីជួយសម្រួលការលំបាក លើកកម្ពស់ជីវភាព សេចក្ដីថ្លៃថ្នូរ និងកិត្តិយសរបស់ប្រជាជន។
លោកក៏បានជំរុញផងដែរឱ្យពង្រីកបរិមាណក្នុងការផ្ទេរអនីតិជនដែលមានទំនាស់នឹងច្បាប់មកមណ្ឌលយុវនីតិសម្បទា ដើម្បីទទូលបានការអប់រំកែប្រែ ដើម្បីស្ដារនីតិសម្បទាឱ្យត្រលប់ចូលក្នុងសង្គមវិញ។
មណ្ឌលយុវនីតិសម្បទាដែលមានទីតាំងនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្រាប់ទទួលជនត្រូវចោទ ជាប់ចោទ ពិរុទ្ធជន និងទណ្ឌិតដែលជាអនីតិជនអាយុក្រោម១៨ឆ្នាំ ដើម្បីស្ដារនីតិសម្បទាឱ្យត្រលប់ចូលក្នុងសង្គមវិញ។ ការដាក់ដំណើរការមណ្ឌលយុវនីតិសម្បទានា បានរួមចំណែកដល់ការជំរុញអនុវត្តច្បាប់ស្ដីពីយុត្ដិធម៌អនីតិជន ធានាការពារសិទ្ធិ សុវត្ថិភាព និងលើកស្ទួយសុខមាលភាពរាងកាយ និងស្មារតីរបស់អនីតិជន ជាប់ឃុំ ស្របតាមច្បាប់ជាតិ វិធានជាបទដ្ឋានអប្បបរមា នៃអង្គការសហប្រជាជាតិសម្រាប់គ្រប់គ្រងវិស័យយុត្តិធម៌អនីតិជន និងវិធានរបស់អង្គការសហប្រជាជាតិសម្រាប់ការពារអនីតិជន ដែលដកហូតសិទ្ធិសេរីភាព។
បច្ចុប្បន្នមានអនីតិជនដែលត្រូវជាប់ឃុំខ្លួននៅតាមពន្ធនាគារនានាទូទាំងប្រទេសចំនួន១៤២២នាក់ ក្នុងនោះមានជនត្រូវចោទ៤៥០នាក់ ជនជាប់ចោទ៣១០នាក់ ពិរុទ្ធជន៤២១ និងទណ្ឌិត២៤១នាក់។ អនីតិជនទាំងនេះមានបទល្មើសទាក់ទងនឹងគ្រឿងញៀន ៤៥២នាក់ ប្លន់១២៥នាក់ លួច១០៩នាក់ មនុស្សឃាតនិងឃាតកម្ម៣៤នាក់ រំលោភ៣១នាក់ និងផ្សេង៦៧១នាក់៕
PHOTO: EAC NEWS