ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចជំរុញឱ្យបណ្តាក្រុមហ៊ុននានាទទួលយកជនមានពិការភាពបំពេញការងារ

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានកំណត់ទិសដៅការងារក្នុងឆ្នាំថ្មីនេះដោយជំរុញរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ក្នុងការទទួលយក ជនមានពិការភាពចូលបម្រើការងារតាមអត្រាកំណត់។

ក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ក្រសួងសង្គមកិច្ច លោក វង សូត បានឱ្យដឹងថា ក្រសួងក៏នឹងចុះបញ្ជិកាជូនរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន សំដៅពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ឱ្យកាន់តែល្អប្រសើរឡើង។

លោករដ្ឋមន្ត្រី វង សូត បានលើកឡើងថា ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កន្លងមកក្រសួងសម្រេចបានការងារសង្គមកិច្ចជាច្រើនដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំបានប្រមាណ ២៥ម៉ឺននាក់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ក្នុងរង្វង់ ៧០ម៉ឺនគ្រួសារ។

ជាមួយគ្នាផងដែរក៏បាន សាងសង់មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ "កែវផុស" ខេត្តព្រះសីហនុ មណ្ឌលព្យាបាល និងស្តារអ្នកញៀនគ្រឿងញៀននៅខេត្តកណ្តាល និងសាងសង់មជ្ឈមណ្ឌលជាតិជនពិការកម្ពុជានៅខេត្តកណ្តាល។

ទោះបីយ៉ាងណាក៏ដោយ លោក វង សូត បានបញ្ជាក់ថា៖ «យើងនៅមានបញ្ហាប្រឈមជាច្រើនទៀត ដែលទាមទារឱ្យយើងរួមគ្នាបន្តខិតខំរិះរកដំណោះស្រាយដូចជា ការប្រែប្រួលអាកាសធាតុ ការផ្ទុះចេញ ជាជំងឺឆ្លងប្លែកៗ បញ្ហាចំណាកស្រុក បញ្ហាជនអនាថា ការជួញដូរមនុស្ស ជួញដូរពលកម្ម ការកេងប្រវ័ញ្ចផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន និងបម្រែបម្រួលផ្នែកប្រជាសាស្ត្រជាដើម»។

ជាការឆ្លើយតបដើម្បីដោះស្រាយបញ្ហាទាំងនេះ លោកបានជំរុញឱ្យបន្តអនុវត្តនកម្មវិធីជំនួយសង្គមជាកញ្ចប់បន្តទៀត ក៏ដូចជារៀបចំគោលនយោបាយជាតិសង្គមកិច្ច ដើម្បីកំណត់ឱ្យបាននូវចក្ខុវិស័យ អាទិភាពការងារ និងការទទួលខុសត្រូវរបស់តួអង្គ ពាក់ព័ន្ធទាំងអស់ក្នុងការទទួល អនីតិជនដែលទំនាស់នឹងច្បាប់មកស្នាក់នៅ អប់រំ កែប្រែក្នុងបរិមាណមួយសមស្របរៀបចំប្រព័ន្ធទិន្នន័យគ្រប់គ្រងជនពិការឱ្យបានច្បាស់លាស់ និងជឿទុកចិត្តបាន។

លោករដ្ឋមន្ត្រីក៏ជំរុញឱ្យពង្រឹងនិងពង្រីកកម្មវិធីកំណត់អត្តសញ្ញាណជនពិការ តាមបែបគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងបន្តផ្តល់របបគោលនយោបាយឧបត្ថម្ភដល់ជនពិការទាំងការផ្តល់របបគោលនយោបាយថ្លៃធ្វើដំណើរ និងអាហារដល់ជនពិការ។

លោកថា៖ «ជំរុញរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន ក្នុងការទទួលយកជនពិការចូលបម្រើការងារតាមអត្រាកំណត់ និងចុះបញ្ជិការ ជូនរោងចក្រសហគ្រាស ក្រុមហ៊ុនឯកជន សំដៅពង្រឹងការអនុវត្តច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការឱ្យកាន់តែល្អប្រសើរឡើង»។

គិតត្រឹមឆ្នាំ២០២០ ជនមានពិការភាពដែលបានធ្វើការក្នុងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេសមានចំនួន ៨ ៧៦៨នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ២០៤នាក់។ ដោយឡែកគិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាសកម្មភាពជនពិការ រាជធានី ខេត្ត បានកំពុងដំណើរការអត្តសញ្ញាណពិការភាពនៅទូទាំងប្រទេសដើម្បីផលិតបណ្ណសំគាល់ពិការភាពជូនជនមានពិការភាពចំនួន ២១៥ ៣៥៨នាក់ ក្នុងនោះជនមានពិការភាពចំនួន ២៦ ៩៤៩នាក់ ជាសហគ្រិនដែលប្រកបមុខរបរផ្ទាល់ខ្លួន៕


PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក