ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

សម្ដេចតេជោ ក្លាយជាបុគ្គលទីមួយនៅក្នុងតំបន់អាស៊ានដែលទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់

ភ្នំពេញ៖ នៅក្នុងសន្និសីទសារព័ត៌មានដែលរៀបចំឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ មានបុគ្គលជ័យលាភីបីរូបដែលទទួលបានរង្វាន់សន្តិភាពស៊ុនហាក់។ ក្នុងនោះសម្ដេចតេជោហ៊ុន សែន គឺជាបុគ្គលនិងជាមេដឹកនាំទីមួយនៅក្នុងតំបន់អាស៊ានដែលទទួលបានពានរង្វាន់នេះ។

មូលនិធិពានរង្វាន់សន្តិភាពស៊ុនហាក់ បានរៀបចំសន្និសីទព័ត៌មានមួយនៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ដោយប្រកាសពីជ័យលាភីពានរង្វាន់សន្តិភាពប្រចាំឆ្នាំ២០២២របស់ខ្លួន។ ម្ចាស់ជ័យលាភីចំនួន៣រូប នឹងត្រូវបានប្រកាសក្នុងកម្មវិធីនេះដែលរួមមាន សហអ្នកបង្កើតវ៉ាក់សាំង Oxford-AstraZeneca , សម្ព័ន្ធវ៉ាក់សាំង GAVI និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ប្រធានសហព័ន្ធសន្តិភាពសកលប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាប្រេសិតពិសេសនៃកិច្ចប្រជុំកំពូលពិភពលោកលោក អ៊ិក ណាត់ដាកាល់ លើកឡើងក្នុងសន្និសិទកាសែតដែលមានអ្នកសារព័ត៌មានពី ១៩៧ស្ថាប័នទូទាំងពិភពលោកចូលរួមថា ពានរង្វាន់ស៊ុនហាក់ ដែលបានផ្ដល់ជូនសម្ដេចតេជោ ហ៊ុន សែន បានឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំ ការអភិវឌ្ឍដោយចីរភាពនៅក្នុងប្រទេសកម្ពុជានៅក្នុងតំបន់អាស៊ីអាហ្វ្រិក អាស៊ីប៉ាស៊ីហ្វិក និងមានការចូលរួមនៅក្នុងចំណែកជាច្រើន ជាពិសេសគឺជាប្រធានកិច្ចប្រជុំអាស៊ានរួមជាមួយនឹងការចូលរួមកិច្ចប្រជុំអន្តរជាតិជាច្រើន។

លោកមានប្រសាសន៍ថា៖ «នេះជាការរួមចំណែកនៃប្រទេសកម្ពុជាទៅតំបន់និងទៅទូទាំងពិភពលោក ដែលលោក [សម្ដេចហ៊ុន សែន] អាចទទួលបានពានរង្វាន់ស្ថាបនិកសន្តិភាពស៊ុនហាក់នេះ»។

សម្ដេចតេជោ ហ៊ុន សែន និងធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោក ដែលផ្ដោតទៅលើការចូលរួមចំណែកនៃការរួបរួមឧបទ្វីបកូរ៉េ និងសន្តិភាពពិភពលោករួមជាមួយនឹងការប្រកាសអំពីសហភាពនៃអាស៊ីប៉ាស៊ីហ្វិក។

តាមការគ្រោងទុក សម្តេចនឹងទទួលពានរង្វាន់សន្តិភាព «ស៊ុនហាក់» ឆ្នាំ២០២២ នាថ្ងៃទី១២ ខែកុម្ភៈ ក្នុងកម្មវិធីជំនួបកំពូល «សន្តិភាពពិភពលោក»។ មេដាយមាស និង ថវិកា១លានដុល្លារ នឹងត្រូវប្រគល់ជូនសម្តេច ហ៊ុន សែន ក្នុងអំឡុងជំនួបកំពូល «សន្តិភាពពិភពលោក» ឆ្នាំ២០២២នេះតែម្ដង ។

គួរបញ្ជាក់ផងដែរថា ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើង ដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិដែលអាចជាគម្រូមួយធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើង សម្រាប់មនុស្សជំនាន់ក្រោយ ខណៈពានរង្វាន់សន្តិភាពអន្តរជាតិនេះ បានបង្កើតឡើងដើម្បីរំលឹកដល់ទស្សនៈវិស័យសន្តិភាពរបស់ ស្ថាបនិកគឺលោក ស៊ុនម្យ៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចាហាន់ មូន។

ក្នុងនោះមានបុគ្គលចំនួន៩រូបរួចមកហើយដែលទទួលបានពានរង្វាន់នេះចាប់តាំងពីបង្កើតឡើងនៅឆ្នាំ២០១៥។ បុគ្គលទាំង៩រូបនោះរួមមាន ប្រធានាធិបតីសេនេហ្គាល់ លោក Macky Sall, លោក បាន គី ម៉ូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ និងបុព្វជិតប៉ាឡេស្ទីន Bishop Muhib Younan, ប្រធានធនាគារអភិវឌ្ឍន៍អាហ្វ្រិកលោកបណ្ឌិត Akinwumi Ayodeji Adesina ជាដើម៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក