ភ្នំពេញ៖ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន លោក លី ធុជ បានឱ្យដឹងថា ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមធំធេងលើផ្ទៃដី ២ ០១៧គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៧៨៨គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន ដែលក្នុងផែនការនឹងសម្អាតឱ្យអស់ទាំងស្រុងនៅត្រឹមឆ្នាំ២០២៥។
ក្នុងជំនួបរវាងលោក លី ធុជ និងលោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្ត (Implementation Support Unit ISU) នៃអនុសញ្ញាស្តីពីការហាមប្រាម ការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា_APMBC) និងលោក Gregory Cathcart មន្រ្តីជាន់ខ្ពស់ ISU បានឱ្យដឹងថា ក្នុងនាមជារដ្ឋភាគីនៃអនុញ្ញាអូតាវ៉ា កម្ពុជា ធ្លាប់បានស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី១ រយៈពេល ១០ឆ្នាំ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ដើម្បីធ្វើការបោសសម្អាតផ្ទៃដីដែលដឹងថាមានគ្រាប់មីនទាំងអស់ឲ្យរួចរាល់ត្រឹមឆ្នាំ២០១៩ ហើយក្នុងរយៈពេល១០ឆ្នាំនោះ ផ្ទៃដីប្រមាណជាង ៥៧៧ម៉ែត្រក្រឡា សរុបចំនួន ៨ ២៩០ចម្ការមីន បានបោសសម្អាតរួច មីនប្រឆាំងមនុស្ស ១០១ ៤២៤ គ្រាប់ មីនប្រឆាំងរថក្រោះ ១ ៥៦០ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៧៣ ២៣១គ្រាប់ ប៉ុន្តែផ្អែកតាមការវាយតម្លៃលទ្ធភាព កម្ពុជានៅតែមិនអាចសម្រេចបានតាមគោលដៅឆ្នាំ២០១៩។
លោកបន្តថា បន្ទាប់ពីការពិនិត្យឡើងវិញ និងស្របតាមស្មារតីនៃ “សេចក្តីថ្លែងការណ៍ម៉ាពុយតូ+១៥” កាលពីឆ្នាំ២០១៤ កម្ពុជាបានស្នើសុំពន្យារពេលបោសសម្អាតមីនលើកទី២ រយៈពេល០៦ឆ្នាំបន្ថែមទៀត ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ សំដៅធ្វើការបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។
លោក លី ធុជ បានបញ្ជាក់ថា៖ « ប្រទេសកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹងមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលជាលទ្ធផលនៃសង្រ្គាមរ៉ាំរ៉ៃអូសបន្លាយនៅក្នុងប្រទេស ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៦០ រហូតមកដល់ចុងឆ្នាំ១៩៩៨។ ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុងឆ្នាំ ១៩៩៨ កម្ពុជា ទទួលបានសន្តិភាពពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយការគម្រាមកំហែងដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះ ប្រកបដោយប្រសិទ្ធភាព និងគ្មានការភ័យខ្លាច។»
ជាការឆ្លើយតបលោក Juan Carlos Ruan បានអបអរសាទរ និងកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុក ចាត់ចែង និងរៀបចំឲ្យមានរចនាសម្ព័ន្ធយ៉ាងច្បាស់លាស់សម្រាប់ការងារសម្របសម្រួល និងគ្រប់គ្រងវិស័យសកម្មភាពមីនកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានលើការងារបោសសម្អាតមីននាពេលកន្លងមក ទោះបីមានរីករាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ។
ក្នុងឱកាសនោះ លោក Juan Carlos Ruan មានបំណងស្នើសុំឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទសកល ស្តីពីការជួយសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិរបស់ជនមានពិការភាព (Global Conference on Assistance of Anti-Personnel Mines and Other Explosive Remnants of War, and Disability Rights) គ្រោងនឹងរៀបចំឡើងនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការឧបត្ថម្ភគាំទ្រពីសហគមន៍អ៊ឺរ៉ុប និងមានប្រទេសប្រមាណ ២០០ ចូលរួម។
គួរបញ្ជាក់ផងដែរថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ កម្ពុជា បានបោសសម្អាតផ្ទៃដីចំនួន ២,៣២៨ គីឡូម៉ែត្រក្រឡា បានបំផ្លាញចោលគ្រាប់មីនប្រឆាំងមនុស្ស ១ ១១៨ ៨១០ គ្រាប់ មីនប្រឆាំងរថក្រោះ ២៥ ៩៥២ គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្រ្គាមរាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ២ ៩៨៣ ៤១៦ គ្រាប់ ដោយមានអ្នកទទួលផល ៧ ៧៣២ ៥៣៦ នាក់។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា នៅតែមានបញ្ហាប្រឈមដ៏ធំធេងលើផ្ទៃដី ២ ០១៧ គីឡូម៉ែត្រក្រឡា ដែលក្នុងនោះ ៧៨៨ គីឡូម៉ែត្រក្រឡា រងផលប៉ះពាល់ដោយគ្រាប់មីន៕