ក្រចេះ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថានឹងធ្វើឲ្យតំបន់ជនបទនៅក្នុងប្រទេសកម្ពុជាមានអគ្គិសនីប្រើប្រាស់ ខណៈបច្ចុប្បន្នកម្ពុជាមានអគ្គិសនីគ្របដណ្ដប់ ៩៨%នៅទូទាំងប្រទេស។
នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧នៅក្នុងខេត្តក្រចេះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្នតំបន់ដែលមិនទាន់មានភ្លើងអគ្គិសនីទៅដល់គឺតំបន់ដែលមានប្រជាជនមកតាំងទីលំនៅថ្មី និងខេត្តដែលមានការអភិវឌ្ឍថ្មីថ្មោងមួយចំនួននៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានដូចជាខេត្តក្រចេះ តមណ្ឌលគិរី តរតនគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដែលអាចនឹងមានការទទួលនូវអគ្គិសនីយឺតជាងគេបន្តិចបើធៀបជាមួយនឹងបណ្ដាខេត្តដទៃទៀតដែលមានអគ្គិសនីប្រើប្រាស់គ្រប់ភូមិរួចទៅហើយ។ ជាមួយគ្នានេះ ខេត្តក្រចេះ មានអគ្គិសនីប្រើប្រាស់ ៨៧%នៅទូទាំងខេត្ត។
សម្ដេចមានប្រសាសន៍ថា៖« អញ្ចឹងការភ្ជាប់បណ្ដាញអគ្គិនីទៅកាន់ទីនោះមានការលំបាក ក៏ប៉ុន្តែសម័យនេះហើយក៏មិនមែនជាសម័យដុតចន្លុះ ហើយក៏មិនជាសម័យដុតចង្កៀង ប្រទីបទេ គឺជាសម័យប្រើធុងអាគុយ ប៉ុន្តែយើងនឹងប្ដូរផ្ដាច់ធ្វើឲ្យជនបទរបស់យើង គ្រប់ភូមិទាំងអស់មានអគ្គិសនីប្រើប្រាស់ ដែលឥឡូវគ្រប់ដណ្ដប់ដល់ទៅ ៩៨%។»
បើតាមប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា លោក យឹម វិសិដ្ឋ បានឲ្យដឹងកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ថា គិតត្រឹមចុងឆ្នាំ២០២០ ប្រជាពលរដ្ឋចំនួន ១៣៧៩៨ភូមិ ស្មើនឹង ៩៧,៣៩ ភាគរយហើយ ដែលមានអគ្គិសនីប្រើប្រាស់ ខណៈសល់ចំនួន ៣៧០ភូមិទៀត ដែលស្មើនឹង ២,៦១ភាគរយ មិនទាន់មានអគ្គិសនីប្រើប្រាស់នៅឡើយ។
លោកបន្ថែមថា ប្រជាពលរដ្ឋដែលនៅមិនទាន់មានអគ្គិសនីប្រើប្រាស់នេះ មានតំបន់មួយចំនួន មានភ្លើងពីប្រភព ពន្លឺព្រះអាទិត្យប្រើប្រាស់រួចហើយ តាមរយៈការផ្ដល់ផ្ទាំងពន្លឺព្រះអាទិត្យរបស់អគ្គិសនីកម្ពុជា ឬទិញខ្លួនឯង៕