ភ្នំពេញ៖ គម្រោងស្ថាបនាផ្លូវថ្មី១ខ្សែ តភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ ដោយទទួលបានថវិកាសាងសង់ពី លោក សុខ គង់ អនុវត្តបាន៤៥ថ្ងៃ និងសម្រេចបាន ៦,៥គ.មហើយ។
បើតាមការបង្ហោះលើទំព័រហ្វេកបុករបស់ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសរសេរថា៖ «មុខព្រួញអ្នកឧកញ៉ា សុខ គង់ ធើ្វពីខ្នងភ្នំចុះក្រោម។ ឧកញ៉ាម៉ុង ឬទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ ទៅតភ្ជាប់គ្នាដែលមានប្រវែងសរុប ៦១គ.ម។ នេះជាការសម្រួលដល់ការធើ្វដំណើរនិងការគាំទ្រដល់ការវិនិយោគ។ ឧទ្យានជាតិដ៏ពិសិដ្ឋនេះ រងការខូចខាតនិងខាតបង់ពេលវេលារាប់រយឆ្នាំដោយសារសង្គ្រាម។ បច្ចុប្បន្នយើងមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន»។
ផ្លូវកៅស៊ូមួយខ្សែកំពុងស្ថិតនៅក្នុងគម្រោងដែលនឹងសង់ភ្ជាប់ពីចម្ការដូងប្រេងអ្នកឧកញ៉ា ម៉ុង ឫទ្ធី តាមផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំបូកគោ។ គម្រោងនេះស្ថិតនៅក្នុងការសម្របសម្រួលរបស់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ដែលផ្លូវថ្មីមួយខ្សែនេះមានប្រវែង ២៧ គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេងអ្នកឧកញ៉ា ម៉ុង ឫទ្ធី៕