បាត់ដំបង៖ កម្លាំងទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ សហការជាមួយកម្លាំងកងយោធពលខេមរភូមិន្ទ និងក្រុមគ្រូពេទ្យ បានចុះទទួលពលករខ្មែរប្រុសស្រីជិត៣០០នាក់ដែលសមត្ថកិច្ចថៃចាប់បញ្ជូនអោយត្រឡប់មកស្រុកកំណើតវិញតាមច្រកតំបន់អូរអន្លក់ នៃស្រុកកំរៀង ខេត្តបាត់ដំបង។
មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ លោកវរសេនីយ៍ឯក ម៉ង់ ស៊ី បានអោយដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ពលករខ្មែរដែលថៃបញ្ជូនមកអោយអាជ្ញាធរកម្ពុជាវិញសរុបទាំង២៦៦នាក់នេះ ក្នុងនោះស្រីចំនួន១០៩នាក់ និងក្មេងចំនួន ៤២នាក់ផងដែរ ដែលត្រូវបានក្រុមគ្រូពេទ្យធ្វើតេសរហ័សស្វែងរកមេរោគ ដែលជាលទ្ធផលអវិជ្ជមានកូវីដ-១៩ទាំងអស់។ ប៉ុន្តែចំពោះពលករចំនួន៥១នាក់ ស្រី២១នាក់ និងក្មេង ៦នាក់ដែលពុំមានប័ណ្ណចាក់វ៉ាក់សាំង ត្រូវបានចាត់បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។
ដោយឡែកពលករខ្មែរដែលមានកាតចាក់វ៉ាក់សាំងចំនួន២១៥នាក់ ស្រី៨៨នាក់ និងក្មេង ៣៦នាក់ត្រូវក្រុមគ្រូពេទ្យធ្វើការអប់រំណែនាំអំពីវិធានការ ការពារការឆ្លងជំងឺកូវី-១៩ រួចបានអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតវិញផងដែរ៕