ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានទទួលនូវការអញ្ជើញរបស់ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃឌិន ដើម្បីចូលប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ីនតោននាពេលខាងមុខ។ សម្ដេចបញ្ជាក់ពីការប្តេជ្ញា និងការគាំទ្រចំពោះសហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនេះ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានធ្វើលិខិតអញ្ជើញមួយច្បាប់ជូនដល់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។
ក្នុងលិខិតនោះបញ្ជាក់ថា៖ «រដ្ឋបាលរបស់ខ្ញុំ ទន្ទឹងរង់ចាំធ្វើការជាមួយកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២។ ក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សហរដ្ឋអាមេរិកសង្ឃឹមថាទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នឹងកាន់តែរីកចម្រើន និងបន្តឆ្ពោះទៅសម្រេចគោលដៅរួមរបស់យើងនៅក្នុងតំបន់។ [...] ខ្ញុំសរសេរលិខិតនេះគឺចង់ទាក់ទងទៅសម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយផ្ទាល់ផងដែរដើម្បីគូសបញ្ជាក់ថា ខ្ញុំរង់ចាំស្វាគមន៍សម្តេចអញ្ជើញមកកាន់រដ្ឋធានីវ៉ាស៊ីនតោននៅឱកាសដ៏ឆាប់ខាងមុខ»។
ជាការឆ្លើយតបនៅថ្ងៃទី១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន បានទទួលយកនូវការអញ្ជើញ និងមានជំនឿថា កិច្ចប្រជុំកំពូលនេះនឹងផ្តល់នូវកាលានុវត្តភាពល្អមួយសម្រាប់អាស៊ាន-អាមេរិក ផ្លាស់ប្តូរយោបល់គ្នាថាតើត្រូវធ្វើយ៉ាងណា ដើម្បីអោយកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រីកចំរើនទៅមុខបន្ថែមទៀត។
សម្ដេចបញ្ជាក់ក្នុងលិខិតថា៖ «ខ្ញុំសូមអរគុណ ឯកឧត្តមប្រធានាធិបតីដែលបានផ្ញើលិខិតបញ្ជាក់អំពីគោលបំណងរបស់ឯកឧត្តម អញ្ជើញខ្ញុំនិងថ្នាក់ដឹកនាំអាស៊ានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងរៀបចំនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ និងបំណងប្រាថ្នា ក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក បន្ថែមទៀតក្នុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន។ [...] ក្នុងនាមកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញា និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសហរដ្ឋអាមេរិកក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន»។
កម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ មានកិច្ចប្រជុំជាច្រើនដែលប្រធានអាសា៊នត្រូវចូលរួមនិងរៀបចំ៕