
អាជ្ញាធរស្នើដល់អ្នកពាក់ព័ន្ធជាមួយនឹងបាតុករណាហ្គាវើលទៅធ្វើតេស្តសំណាក់កូវីដ-១៩ បន្ទាប់ពីរកឃើញករណីវិជ្ជមានលើក្រុមបាតុករជាបន្តបន្ទាប់
ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានស្នើដល់អ្នកដែលប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយនឹងបាតុករដែលតវ៉ានឹងក្រុមហ៊ុនណាហ្គាវើលឲ្យទៅធ្វើតេស្តសំណាក់រកជំងឺកូវី-១៩ បន្ទាប់ពីរកឃើញករណីវិជ្ជមានលើក្រុមបាតុករជាបន្តបន្ទាប់។
លទ្ធផលគិតត្រឹមម៉ោង០៦:៥០នាទី នៅល្ងាចថ្ងៃដដែលនេះ មានចំនួន០៤នាក់ ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩វិជ្ជមាន ដោយពុំទាន់យកសំណាកអស់គ្រប់គ្នាទេ។
មន្ទីរសុខាភិបាលរាជធានីភ្នំពេញណែនាំក្រុមបាតុករទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នក វិជ្ជមានកូវីដ-១៩ត្រូវធ្វើចក្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីការធ្វើចក្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញ ធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។
ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្ត រកមេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ។
ការរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់បាតុករតវ៉ាណាហ្គាវើលនេះគឺបន្ទាប់ពីអាជ្ញាធរបានរកឃើញវិជ្ជមានលើស្ត្រីមានផ្ទៃពោះម្នាក់ដែលជាសមាជិកនៃក្រុមបាតុករមានផ្ទុកកូវីដ-១៩ ប្រភេទអូមីក្រុងកាលពីពេលថ្មីៗនេះ៕