
BREAKING NEWS: រដ្ឋបាលរាជធានីភ្នំពេញព្រមានចាត់វិធានការលើបាតុករណាហ្គាវើលដែលមិនព្រមអនុវត្តន៍តាមវិធានការសុខាភិបាល និងរដ្ឋបាល
ភ្នំពេញ៖ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រាប់ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ ចូលរួមសហការជាមួយអាជ្ញាធរក្នុងការយកសំណាកជំងឺកូវីដ-១៩ បន្ទាប់ពីក្រុមគ្រូពេទ្យទៅយកសំណាកផ្ទាល់នៅទីតាំងប្រមូលផ្ដុំធ្វើបាតុកម្មរបស់អតីតបុគ្គលិកទាំងនោះតែក្រុមបាតុករនៅតែរឹងរូសមានះ មិនព្រមសហការឱ្យយកសំណាកទៀត។
ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ឬប្រភេទផ្សេងទៀត ចូលទៅក្នុងសហគមន៍ ក្នុងទ្រង់ទ្រាយធំ តាមរយៈការប្រមូលផ្ដុំធ្វើបាតុកម្មនេះ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញបានស្នើដល់ក្រុមបាតុករឱ្យបញ្ឈប់ជាបន្ទាន់នូវការប្រមូលផ្តុំធ្វើបាតុកម្ម ហើយត្រូវបន្តអនុវត្តតាមវិធានការសុខាភិបាល រហូតដល់ធានា បានថាលែងមានការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងចំណោមបាតុករ និងក្រុមគ្រួសារ។
សាលារាជធានីភ្នំពេញបញ្ជាក់ថា៖ «ក្នុងករណីដែលបាតុករនៅតែចចេសរឹងរូស បន្តប្រមូលផ្តុំ ដែលជាហេតុបង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ជាបន្តបន្ទាប់ទៀតនោះ បុគ្គលបង្កហេតុដែលមិនព្រមអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ត្រូវទទួលទោសតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយក្នុងនោះមានការផាកពិន័យ និងទោស ដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ»។
គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតីចូលរួមរបស់ក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវីលដ៍ដើម្បីអាយុជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារក៏ដូចជាធានាបាននូវការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ធ្វើយ៉ាងណាកុំឱ្យរាជធានីភ្នំពេញជួបសោកនាដកម្មដូចព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ឡើងវិញ៕