មីយ៉ាន់ម៉ា៖ អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី បានបង្ហាញខ្លួនផ្ទាល់នៅក្នុងតុលាការជាលើកដំបូងបង្អស់ ចាប់តាំងពីលោកស្រីត្រូវបានឃាត់ខ្លួនដោយក្រុមយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ កន្លងទៅ ហើយសវនាការបានពន្យារពេលជាច្រើនខែ តាំងពីអំឡុងខែមេសាមក។
លោកស្រី អ៊ុង សានស៊ូជី ដែលស្ថិតនៅក្នុងស្ថានភាពសុខភាពល្អប្រសើរ បានជួបពិភាក្សាជាមួយក្រុមមេធាវីរបស់លោកស្រីប្រមាណជាង ៣០នាទី មុនពេលសវនាការចាប់ផ្តើម។ នេះបើតាមលោក Thae Muang Muang ជាមេធាវីតំណាងបានថ្លែងប្រាប់សារព័ត៌មាន Reuter។
គួរបញ្ជាក់ថា លោកស្រី អ៊ុង សានស៊ូជី ដែលជាបេក្ខភាពឈ្នះពានណូប៊ែល កាលពីឆ្នាំ១៩៩១ ជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាង ៤,០០០នាក់ផ្សេងទៀត ដែលត្រូវបានឃាត់ខ្លួន ចាប់តាំងពីមានរដ្ឋប្រហារយោធាដែលដឹកនាំដោយលោកឧត្តមសេនីយ៍ ម៊ីង អ៊ុងឡាំង។ លោកស្រីត្រូវបានចោទប្រកាន់ដោយបទល្មើសជាច្រើនក្នុងនោះមានដូចជា ការរំលោភបំពានទៅលើច្បាប់សម្ងាត់របស់រដ្ឋកាលពីសម័យក្រោមអាណានិគម និងការញុះញង់ឱ្យមានអសណ្តាប់ធ្នាប់សាធារណៈជាដើម។
សវនាការលើកក្រោយ នឹងត្រូវធ្វើឡើងនាថ្ងៃទី០៧ ខែមិថុនា ខាងមុខនេះ៕