
ក្រសួងការងារបន្តផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករក្នុងវិស័យកាត់ដេរនិងវិស័យទេសចរណ៍ដែលត្រូវបានព្យូរការងារជាង៤០កន្លែង
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិតនៅក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាលដល់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ លើកទី៧៨ចំនួន ៥ ៥៧៦នាក់ នៅតាមរោងចក្រ សហគ្រាស ចំនួន៤២កន្លែង។
ចំពោះប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្ដល់ជាប្រាក់រៀល ដោយអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះប្រាក់ចំនួន ៦០ ៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ, ១២១ ៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ, ១៦២ ០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់ ១ខែ។
ក្រសួងរំឮកដល់កម្មករនិយោជិតដែលបម្រើការនៅរោងចក្រ សហគ្រាសទាំង៤២កន្លែងឲ្យរួសរាន់ទៅបើកប្រាក់ឧបត្ថម្ភនេះក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារពីទូរស័ព្ទពី ធនាគារ វីង (ខេមបូឌា) បើពុំនោះទេធនាគារវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ។
ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវឹងដែលនៅជិតបំផុត ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។
ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង៤២ នេះ មិនបានទទួលសារ ទូរសព្ទពីធនាគារ វីង (ខេមបូឌា) នោះសូមធ្វើការទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។
ក្រសួងបញ្ជាក់ថា នឹងបន្តជូនដំណឹងដល់កម្មកររោងចក្រ សហគ្រាសដទៃ ផ្សេងទៀតអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ។
គួរឲ្យដឹងដែរថា រោងចក្រ សហគ្រាសទាំង ៤២ កន្លែងនោះរួមមាន វិស័យកាត់ដេរចំនួន៩ក្រុមហ៊ុន និងវិស័យទេសចរណ៍ចំនួន៣៣កន្លែង រួមមានរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ស្វាយរៀង សៀមរាប និងតាកែវ។