បាត់ដំបង៖ ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងឱ្យដឹងថារយៈពេល០៤ថ្ងៃ ក្នុងឱកាសបុណ្យប្រពៃណីចូលឆ្នាំចិន-វៀតណាម ខេត្តបាត់ដំបងបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តចំនួន ២១៨ ៤២០នាក់ កើនឡើង ២០៣,៧៧ % បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ដែលមានចំនួន ៧១ ៩០៤នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងលោក អ៊ុច អ៊ុភីនីស្សារ៉ា បានអោយដឹងថាក្នុងចំណោមភ្ញៀវទេសចរណ៍សរុប ២១៨ ៤២០នាក់ មានភ្ញៀវទេសចរណ៍ជាតិចំនួន ២១៧ ៩៥៩នាក់ និងអន្តរជាតិផ្ទៃក្នុងមានចំនួន ៤៦១នាក់ កើនឡើង។
លោកប្រធានមន្ទីរថា កត្តាដែលនាំឱ្យមានកំណើនភ្ញៀវទេសចរឆ្នាំនេះមកពីកត្តា សន្តិភាព ហេដ្ឋារចនាសម្ព័ន្ធទៅកាន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាមានលក្ខណៈងាយស្រួល ការរៀបចំផលិតផលថ្មីៗនៅតាមគោលដៅទេសចរណ៍សំខាន់ៗ អាកាសធាតុអំណោយផល និងការធូរស្រាលនៃជំងឺកូវីដ១៩។
កម្ពុជាបានបើកប្រទេសឡើងវិញទាំងស្រុងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីសម្រេចជោគជ័យចាក់វ៉ាក់សាំងជូនក្រុមពលរដ្ឋគោលដៅបាន១០០ភាគរយ។ បើតាមនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ចាប់តាំងពីការបើកប្រទេសរហូតមកដល់ពេលនេះភ្ញៀវទេសចរណ៍ក្នុងស្រុកចេញដើរលេងបានជាង៣លាននាក់ហើយ៕