វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សេចក្ដីព្រាងច្បាប់ការពារលំហូរផលិតផលកសិកម្មដែលមានសមាសភាពចង្រៃត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី «ការការពាររុក្ខជាតិ និងភូតគាមអនាម័យ» ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័តទាំងស្រុងនៅព្រឹកនេះ។ ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីការពារផលប្រយោជន៍កសិកម្មកម្ពុជាពីការខាតបង់ដែលបង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ និងផលិតផលដំណាំ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន ឱ្យដឹងថាច្បាប់នេះត្រូវបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ។ លោកបន្ថែមថាការបង្កើតច្បាប់នេះនឹងជួយលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើតការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។

លោកបន្ថែមថា ច្បាប់នេះនឹងការពារដល់ប្រយោជន៍របស់ប្រជាកសិករ តាមរយៈការគ្រប់គ្រង ការការពាររុក្ខជាតិ និងការអនុវត្តវិធានការភូតគាមអនាម័យ ដើម្បីកាត់បន្ថយការខាតបង់ដែលអាចបង្កឡើងដោយសមាសភាពចង្រៃចំពោះធនធានរុក្ខជាតិ និងផលិតផលដំណាំនៅក្នុងប្រព័ន្ធផលិតកម្មកសិកម្ម។ គាំទ្រនូវគោលនយោបាយ និងយុទ្ធសាស្ត្រជំរុញផលិតកម្មកសិកម្ម ផ្ដល់នូវការការពារច្បាស់លាស់ក្នុងការការការពារធនធានរុក្ខជាតិ គ្រប់គ្រងសុខភាពរុក្ខជាតិ លើកកម្ពស់ផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្មប្រកបដោយមេត្រីភាពបរិស្ថាននិងនិរន្តរភាព។

ច្បាប់នេះក៏នឹងហាមឃាត់ការហូតចូលផលិតផលកសិកម្មគ្រប់ប្រភេទដែលមានផ្ទុកសមាសភាពចង្រៃ និងគ្រោះថ្នាក់ផងដែរ។

លោកបញ្ជាក់ថា៖ «ជាពិសេសទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពាន ដែលបង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ និងបរិស្ថានក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្តែងការផ្ទុះឡើងនូវសមាសភាពចង្រៃដូចជា ខ្យងមាស ខ្នងដូង ជំងឺស្លឹកប្រាក់លើដំណាំក្រូច ឆៃផ្កាឈូកលើដំណាំដំឡូងមី ជំងឺស្រពោនលឿងស្លឹកលើដំណាំដំឡូងមី និងដង្កូវហ្វូងប្រភេទថ្មីលើដំណាំពោតជាដើម ពិតជាបានបង្កឱ្យមានផលប៉ះពាល់ដល់ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចជាតិគួរឱ្យកត់សម្គាល់ ដែលបណ្តាលមកពីការរាតត្បាតសមាសភាពចង្រៃខាងលើនេះ»។

បើតាមលោក ផៃ ស៊ីផាន ច្បាប់នេះនឹងផ្ដល់នូវជំនឿចិត្តដល់ប្រទេសជាដៃគូពាណិជ្ជកម្ម និងកម្លាំងពេញលេញក្នុងការចចាបើកទីផ្សារនាំចេញកសិផលកម្ពុជាជាមួយបណ្ដាប្រទេសដែលមានទីផ្សារធំៗក្នុងពិភពលោក ជាពិសេសបន្ទាប់ពីសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគី និងជួយសម្រួលការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវទំនិញជារុក្ខជាតិ និងផលិតផលរុក្ខជាតិនានា។

បន្ទាប់ពីអនុម័តពីគណៈរដ្ឋមន្ត្រីរួចច្បាប់នេះនឹងបញ្ជូនទៅរដ្ឋសភានៅសប្ដាហ៍ក្រោយ។

បច្ចុប្បន្នប្រទេសកម្ពុជាបានបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េ លើសពីនោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP ក៏ចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ផងដែរដែល អ្នកស្រាវជ្រាវមើលឃើញថាកិច្ចព្រមព្រៀងទាំងនេះនឹងផ្ដល់ភាពចំណេញដល់ពាណិជ្ជកម្មកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ម RCEP នេះទំនិញកសិកម្ម កសិកម្មកែច្នៃ និងឧស្សាហកម្មកម្ពុជាជិត៤ម៉ឺនមុនទំនិញនៃបន្ទាត់គយនឹងត្រូវត្រូវលុបចេញ ឬបន្ធូបន្ថយលើការបង់ពន្ធគយសម្រាប់កម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក