ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងដល់ទីក្រុងប៉េកាំង ប្រទេសចិនហើយនៅរសៀលថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈ ស្អែកនេះ។
ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំ២០២២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ពិធីបើកព្រឹត្តិការណ៍អន្តរជាតិនេះក៏មានការចូលរួមពីមេដឹកនាំកំពូលៗជាច្រើនរបស់ពិភពលោកផងដែរ ដូចជាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីត Mohammed bin Salman ប្រទេសកាតា មេដឹកនាំ Sheikh Tamim bin Hamad Al Thani ព្រះអង្គម្ចាស់នៃចក្រភពអេមីរ៉ាត Abu Dhabi Sheikh Mohammed bin Zayed Al Nahyan នាយករដ្ឋមន្រ្តីប៉ាគីស្ថាន Imran Khan និងមេដឹកនាំផ្សេងទៀតមកពីជាង៣០ ប្រទេស។
ព្រឹត្តិការណ៍រយៈពេល១៦ ថ្ងៃនឹងប្រមូលផ្តុំអត្តពលិកជាង ៣ ០០០នាក់មកពីជាង៩០ ប្រទេស។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានកាលពីចុងខែមករាថា ប្រទេសចិនស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រះវត្តមានរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីយាងជាព្រះរាជាធិបតីក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី៥ ខែកុម្ភៈ មុននឹងយាងត្រឡប់មកមាតុប្រទេសវិញ។ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នៅពេលអវត្តមានព្រះមហាក្សត្រក្នុងប្រទេស ព្រះរាជកិច្ចរបស់ព្រះអង្គនឹងត្រូវផ្ទេរទៅប្រធានព្រឹទ្ធសភាក្នុងឋានៈជាប្រមុខរដ្ឋស្តីទី៕