ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេបញ្ជាការទ័ពជើងគោកថៃលោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae)ថា ទំនាក់ទំនងរវាងប្រទេសកម្ពុជាថៃគឺកាន់តែស៊ីជម្រៅ មានជំនឿទុកចិត្តលើគ្នាទៅវិញទៅមករវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចបានបន្ថែមថាកងទ័ពគប្បីដើរតួនាទីជាកងទ័ពការទូត រក្សាសន្ដិភាពស្ថេរភាព ធ្វើឱ្យប្រជាជនតាមព្រំដែនមានជំនឿចិត្តប្រកបរបរអាជីវកម្ម ធ្វើឱ្យព្រំដែនក្លាយជាតំបន់សន្ដិភាព និងការអភិវឌ្ឍ។
ក្នុងជំនួបជាមួយលោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) នៅទីស្ដីការគណរដ្ឋមន្ត្រីនៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចតេជោ បានអបអរសាទរចំពោះលោក ណារ៉ុងផាន់ ដែលត្រូវបានព្រះមហាក្សត្រកម្ពុជាផ្ដល់មេដាយសហមេត្រីឱ្យ និងបានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកងទ័ពប្រទេសទាំងពីរផងដែរ។ សម្ដេចបានឱ្យជាយោបល់ថា ដើម្បីឱ្យព្រំដែនក្លាយជាតំបន់សន្ដិភាពចាំបាច់ណាកងទ័ពត្រូវតែជាកងទ័ពការទូត និងសន្ដិភាព។
ជំនួយការផ្ទាល់សម្ដេចតេជោលោក អ៊ាង សុផល្លែត បានឱ្យអ្នកសារព័ត៌មានដឹងបន្ទាប់ពីជំនួបថា៖ «សម្ដេចតេជោបានបន្ដែមថាកងទ័ពចាំបាច់ដើរតួនាទីជាកងទ័ពកាទូតរក្សាសន្ដិភាព ស្ថេរភាព បង្កើនទុកចិត្តឱ្យប្រជាជននៅតាមព្រំដែន មានជំនឿចិត្តប្រកបអាជីវកម្មជំរុញការអភិវឌ្ឍនៅតាមព្រំដែន ប្រែក្លាយព្រំដែនឱ្យក្លាយជាព្រំដែនសន្ដិភាព មិត្តភាព និងការអភិវឌ្ឍ» ។
ក្នុងជំនួបនោះមេបញ្ជាការទ័ពជើងគោកថៃលោក ណារ៉ុងផាន់ ជិតកែវធែ បានប្រកាសរក្សាទំនាក់ទំនងល្អជាមួយយោធាកម្ពុជា និងសន្យាសហការជាមួយកងទ័ពកម្ពុជាជានិច្ចដើម្បីរក្សាសន្ដិភាព ស្ថេរភាព នៃប្រទេសទាំងពីរ។
លោក ណារ៉ុងផាន់ ជិតកែវធែ បានមកធ្វើទស្សនកិច្ចជាលើកដំបូងចំនួន២ថ្ងៃនៅកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះលោកបានចុះហត្ថលេខាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Tems of Reference – ToR)» រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជាឯកសារសំខាន់ដើម្បីត្រួសត្រាយផ្លូវ ឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងក្របខ័ណ្ឌកងទ័ពជើងគោកឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត។
កម្ពុជា-ថៃមានព្រំដែនអន្តរជាតិជាមួយគ្នាប្រវែង ៨១៧គីឡូម៉ែត្រចាប់ពីឈូងសមុទ្រថៃនៅខាងត្បូងរហូតដល់ប្រទេសឡាវនៅភាគខាងជើងឈាងខាងកើត។ ក្នុងឆ្នាំ២០១១ ប្រទេសទាំងពីរបានប៉ះទង្គិចគ្នាម្ដងនៅពេលដែលទ័ពថៃបានលើកមកកាន់កាប់តំបន់ព្រះវិហាររបស់កម្ពុជា៕