ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក ជុំ សុន្ទរី បានឱ្យ EAC News ដឹងថា រដ្ឋសមាជិកអាស៊ានមិនបានឯកភាពក្នុងការអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ាឱ្យចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជារៀបចំនាពេលខាងមុខនេះទេ ដោយសារដោយសារមានភាពរីកចម្រើនតិចតួចរបស់មីយ៉ាន់ម៉ាក្នុងការអនុវត្តការគោលការណ៍៥ ចំណុចរបស់អាស៊ាន។
ទោះជាយ៉ាងណារដ្ឋមន្ត្រីការបរទេសអាស៊ានបានស្នើឱ្យមីយ៉ាន់ម៉ាបញ្ជូនអ្នកតំណាងមិននយោបាយមកជំនួសវិញ។
លោកបានប្រាប់ EAC News ថា៖ «យើងលើកទឹកចិត្តមីយ៉ាន់ម៉ាមានអ្នកតំណាង កម្រិតមិននយោបាយ ជាជាងទុកកៅអីឱ្យនៅទំនេរ។ វាអាស្រ័យលើមីយ៉ាន់ម៉ាក្នុងការសម្រេចចិត្តថា "កម្រិតមិននយោបាយ" នោះនរណាជាអ្នកតំណាង»។
កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានគ្រោងរៀបចំនៅថ្ងៃទី១៦ និង១៧ ខែកុម្ភៈ ឆ្នាំ២០២២ នារាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កិច្ចប្រជុំចង្អៀតនេះនិងពិភាក្សា លើការរៀបចំកម្មវិធីសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រេសិតពិសេសទៅមីយ៉ាន់ម៉ា និងអាទិភាពរបស់ប្រសិតពិសេសប្រធានអាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ការប្រជុំពិគ្រោះយោបល់ពហុភាគីពាក់ព័ន្ធអំពីជំនួយមនុស្សធម៌ ដែលនឹងមានការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីលេខាធិការដ្ឋានអាស៊ាន (ASEC) និងប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (UNSG) ហើយនឹងប្រមូលនូវវិធីសាស្រ្ត មនុស្សធម៌ជាក់ស្តែងទាំងអស់ពីអ្នកជំនាញ និងទីភ្នាក់ងារមនុស្សធម៌ក្នុងស្រុក តំបន់ និងអន្តរជាតិ ដើម្បីជួយសម្រួលដល់ការផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់រហ័ស៕