វិសាខា និងព្រះខ័នរាជស្វាយរៀង បញ្ចេញសេចក្តីថ្លែងការណ៍ជុំវិញរឿងរ៉ាវចម្រូងចម្រាស់លើកីឡាករ Private Mbarga
ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ គេសង្កេតឃើញមានរឿងរ៉ាវចម្រូងចម្រាស់ខ្លាំងក្លាមួយបានកើតឡើង ជុំវិញការលើកឡើងរបស់ខ្សែប្រយុទ្ធសញ្ជាតិ កាមេរ៉ូន Jean Marie Private ដែលកើតទុក្ខមិនសុខចិត្ត និងអះអាងថាមានការប្រើពាក្យសម្តីរើសអើងជាតិសាសន៍មួយ ពីសំណាក់កីឡាករម្នាក់របស់ក្លិបវិសាខាបានកើតឡើងមកលើរូបគេ ក្នុងជំនួបដ៏តានតឹងដែលវិសាខា បានយកឈ្នះក្លិបព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៣-២ កាលពីថ្ងៃសៅរ៍។
ក្រោយមក នៅយប់ថ្ងៃអាទិត្យម្សិលមិញនេះ ក្លិបបាល់ទាត់វិសាខា ក៏បានធ្វើសេចក្តីថ្លែងមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការ "Visakha FC - Pride of Cambodia" ថា៖ ដោយឃើញមានការចេញផ្សាយនូវព័ត៌មានមួយចំនួនដែលមិនមានភាព ច្បាស់លាស់ចោទប្រកាន់មកលើកីឡាករក្លិបរបស់យើងទាក់ទងទៅនឹងការរើសអើងពូជសាសន៍។ ក្លិបរបស់យើងសូមធ្វើការបដិសេធ និងសំណូមពរអោយមានការស្រាវជ្រាវអោយបានច្បាស់លាស់ទាក់ទងអំពីបញ្ហានេះ ចៀសវាងការកាត់សេចក្ដីទៅលើកីឡាកររបស់យើងដោយស្តាប់តែភាគីម្ខាងដោយគ្មានភស្តុតាងមកបញ្ជាក់ ជាហេតុធ្វើអោយប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស របស់កីឡាករ និងក្លិបយ៉ាងខ្លាំង ពីព្រោះថាក្លិបរបស់យើង គឺមានបុគ្គលិក និងកីឡាករចំរុះជាតិសាសន៍ដែលកំពុងសហការគ្នាយ៉ាងស្អិតរមួតក្រោមដំបូលគ្រួសារតែមួយ។ សូមអរគុណ។
ចំណែកក្លិបព្រះខ័នរាជស្វាយរៀងវិញ ក៏បានបញ្ចេញសារមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការ Preah Khan Reach Svay Rieng FC របស់ខ្លួនផងដែរថា៖ "ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងសូមបញ្ជាក់ថាយើងបានដឹងអំពី ស្ថានភាពដែលបានកើតឡើងអំឡុងពេលប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌាលីគ (MCL) កាលពីថ្ងៃសៅរ៍ ទី២២ ខែឧសភា ដែលមានការសង្ស័យ នូវការរើសអើងជាតិសាសន៍ បានកើតឡើងចំពោះកីឡាករ Jean Marie Privat Befolo Mbarga។ ក្លិបបាល់ទាត់របស់យើង សូមគាំទ្រដល់ការស៊ើបអង្កេតរបស់អាជ្ញាធរបាល់ទាត់ក្នុងរឿងនេះ ហើយយើងខ្ញុំកំពុងធ្វើការសន្ទនាជាមួយពួកគាត់ក្នុងបញ្ហានេះផងដែរ។ ក្លិបនឹងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរ បាល់ទាត់ក្នុងអំឡុងពេលនៃការស៊ើបអង្កេត ដើម្បីធានាបាននូវភាពយុត្តិធម៌ និងលទ្ធផលដ៏ត្រឹមត្រូវចំពោះបញ្ហានេះ។ យើងខ្ញុំសូមនឹងមិនធ្វើការអត្ថាធិប្បាយបន្ថែមទៀត រហូតទាល់ត ការស៊ើបអង្កេតបានបញ្ចប់។"
ជុំវិញរឿងរ៉ាវនេះ គេក៏សង្កេតឃើញមានការបញ្ចេញមតិពីសំណាក់លោក ឈី កុលបុត្រា លេខាប្រតិបត្តិរបស់ CNCC តាមរយៈ Comment នៅលើទំព័រហ្វេសប៊ុកមួយថា៖ "យើងនឹងស៊ើបអង្កេតទៅលើបញ្ហានេះ"៕